(មូហ្សាំប៊ិក)៖ អាជ្ញាធរនៃប្រទេសមូហ្សាំប៊ិក បានបង្កើតគណកម្មការមួយភ្លាមៗដើម្បីបើកការស៊ើបអង្កេត ទៅលើការផ្ទុះរថយន្ត​ដឹកប្រេងមួយ​ក្នុងប្រទេសអាហ្វ្រិក​ភាគអាគ្នេយ៍មួយនេះ ដែលបាន​បណ្តាល​​​ឲ្យមនុស្សស្លាប់រហូតដល់ទៅ ៧៣នាក់ និងរបួស ១១០នាក់ទៀតដ៏គួរឲ្យរន្ធត់បំផុត។ នេះបើតាមការ​ចេញផ្សាយ​ដោយសារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦​។

ហេតុការណ៍ផ្ទុះដ៏អាក្រក់បំផុតមិនធ្លាប់មាននេះ បានកើតឡើងបន្ទាប់ពីរថយន្តដឹកប្រេងដ៏​ធំមួយធ្វើដំណើរ​នៅក្នុងខេត្ត Tete នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា បានកំពប់ប្រេងយ៉ាងច្រើន ហើយប្រជាជន​នៅតំបន់​នោះក៏បានប្រញាយគ្នាយកធុងមកដួសប្រេងទុក ស្រាប់តែមិនប៉ុន្មានផងដែររថយន្តក៏បានផ្ទុះឡើងតែម្តង។ រថយន្តខាងលើនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុនមកពីប្រទេសម៉ាឡាវី ដែលទំនងជាវា​ស្ថិត​នៅកណ្តាលថ្ងៃក្តៅ​ខ្លាំងយូរពេកទើបបានជាផ្ទុះឡើងបែបនេះ។

គួរបញ្ជាក់ថាមនុស្ស ៤៣នាក់បានស្លាប់នៅហ្នឹងកន្លែងកើតហេតុ និង៣០នាក់ទៀតបានស្លាប់នៅពេលគេ​បញ្ជូនទៅដល់មន្ទីរពេទ្យ។ ដោយឡែកអ្នករងរបួសមួយ​ចំនួនគឺមានសភាពរលាកខ្លោច​ពេញខ្លួន​ធ្ងន់​ធ្ងរ​ដែលធ្វើឲ្យមានការព្រួយបារម្ភថា នឹងអាចមានមនុស្សស្លាប់បន្ថែមទៀត។ សម្រាប់សីតុណ្ហភាពនៅខេត្ត Tete អំឡុងពេលកើតហេតុនោះគឺ ៣៧អង្សាសេ៕