(មូស្គូ)៖ មេបញ្ជាការកងពលមីស៊ីល និងកាំភ្លើងធំរុស្ស៊ីលោកឧត្តមសេនីយ៍ទោ Mikhail Matveevsky បានឲ្យដឹងនៅ​ថ្ងៃសុក្រនេះថា អង្គភាពកាំភ្លើងធំ នៃកងទ័ពជើងគោករបស់​ប្រទេសរុស្ស៊ីនឹង​ចាប់​ផ្តើម​​ទទួលយកកាំភ្លើងធំដែលអាចចល័តដោយខ្លួនឯង (Self-Propelled Gun) ដ៏ទំនើបបំផុតនាពេល​ឆាប់​ខាងមុខនេះ។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃ​សុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោក Matveevsky បានលើកឡើងថា «គំរោងនៃការទិញ និងផ្តត់ផ្គង់នូវកាំភ្លើង​ធំជំនាន់ថ្មីទៅកាន់​​កងអង្គភាពកាំភ្លើងធំ​នឹងចាប់ផ្តើម​ឡើងនាពេលឆាប់ៗខាងមុខ ប៉ុន្តែមិនទាន់បាន​កំណត់យកថ្ងៃណា​មួយឲ្យច្បាស់នៅឡើយទេ»។ ជាមួយគ្នានេះដែរលោកឧត្តមសេនីយ៍ទោ ក៏បានកោតសសើរមិនដាច់ពីមាត់​ចំពោះសមត្ថភាពប្រយុទ្ធនៃសព្វាវុធថ្មីនេះផងដែរ ដោយថាវាល្អទ្វេដង​ជាង​កាំភ្លើងធំប្រភេទ​ដ៏ទៃៗទៀត មិនថានៅក្នុងស្រុកនិងក៏របស់បរទេសនោះឡើយ ហើយអ្វីដែលពិសេសលើសពីទៅទៀតនោះគឺកាំភ្លើងធំ Koalitsiya-SV នឹងក្លាយជាប្លង់គំរូដើម្បី​បង្កើតប្រព័ន្ធកាំ​ភ្លើងធំ ដែលដើរដោយ​ស្វ័យ​ប្រវត្តិ​ទាំងស្រុងតែម្តងដោយ​មិនចាំបាញ់មានការបញ្ជាពី​មនុស្សនោះ​ឡើយនាពេលអនាគត។

គួរបញ្ជាក់ដែរថាពួកកាំភ្លើងធំជាប្រភេទ Self-Propelled Gun មានរូបរាងស្រដៀង​ទៅនឹងរថក្រោះអ៊ីចឹង ប៉ុន្តែពួកវាមិនធុនដូចជារថក្រោះឡើយ ហើយកាំភ្លើងធំ Koalitsiya-SV របស់ប្រទេសរុស្ស៊ី​បានបង្ហាញខ្លួន​ជាលើកដំបូងបង្អស់នៅ​ក្នុងពីធីដង្ហែរក្បួនព្យុហយា​ត្រាយោ​ធាដ៏ធំបំផុត កាលពីពាក់កណ្តាលឆ្នាំ២០១៥៕