(​ព្រុចសែល)៖ សមាគមឧស្សាហកម្មផលិតរថយន្តអឺរ៉ុប ACEA បានចេញផ្សាយទិន្នន័យ​មួយដោយ​បង្ហាញថាការ​លក់រថយន្ដនៅក្នុងទីផ្សារអឺរ៉ុប របស់ក្រុមហ៊ុនផលិតរថយន្ដកូរ៉េខាងត្បូង Hyundai និងក្រុមហ៊ុនជាបុត្រសម្ព័ន្ធរបស់ខ្លួន Kia Motors Corp បានកើនឡើងខ្ពស់លើសកំណត់ត្រានៅ​ឆ្នាំ២០១៦នេះ។ នេះបើតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅរសៀលថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦។​

យោងតាមទិន្នន័យ ACEA ការលក់របស់ក្រុមហ៊ុន Hyundai  និង Kia Motors នៅក្នុងទីផ្សារ​សហភាពអឺរ៉ុប​បានកើនឡើងខ្ពស់​ដល់កំណត់ត្រាថ្មី​មួយគឺ ៧៧៩,១១៥គ្រឿងគិតត្រឹម ១០ខែដំបូងនៅ​ឆ្នាំ២០១៦នេះ ខណៈការលក់រថយន្ដ​ម៉ូដែល​ជាច្រើននៃក្រុមហ៊ុន Hyundai​ កើនឡើង ៨.៦ភាគរយ ឬស្មើនឹង ៤១៥,៣៦០គ្រឿងនៅក្នុងមួយឆ្នាំ និង ១៣.៨ ភាគរយ ឬក៏ ៣៦៣,៧៥៥គ្រឿង​សម្រាប់ក្រុមហ៊ុន Kia Motors គិតត្រឹមរយៈ​ពេលដូចគ្នា។

គួរបញ្ជាក់ថាបើតាមទិន្នន័យ ACEA ដដែលការលក់រថយន្ដម៉ូឌែលថ្មីរបស់​ក្រុមហ៊ុនផលិតរថយន្ដ កូរ៉េខាងត្បូង​ទំាង​ពីរនៅទីផ្សារសហភាពអឺរ៉ុប ក៏បានកើនឡើង ៧.២ភាគរយផង​ដែរដល់ទៅ ១២,៣៥លានគ្រឿង​នៅរយៈពេល ១០ខែដំបូងនៅ​ឆ្នាំ២០១៦៕