(បាងកក)៖ សត្វក្របីស្រុកប្រមាណ ២១ក្បាលដែលស្ថិតក្នុងខេត្ត Prachin Buri នៅភាគខាងកើត​ប្រទេសថៃបានស្លាប់ជាបន្តបន្ទាប់នៅក្នុងរយៈពេលបីថ្ងៃនេះ ដែលត្រូវបានអាជ្ញាធរក្នុងតំបន់កើតហេតុ​សន្និដ្ឋានថា ប្រហែលជាបណ្តាលមកពីជំងឺបង្កឡើងដោយបាក់តេរីនៅក្នុងឈាម។ នេះបើតាមការចេញ​ផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នារសៀលថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦។

សត្វក្របីដែលបានស្លាប់ខាងលើគឺជារបស់លោក Suthat Somthong មានអាយុ៣១ឆ្នាំ រស់នៅក្នុងឃុំ Kabin Buri នៃខេត្ត Prachin Buri។ លោក Suthat បានឲ្យដឹងថាសត្វក្របីមួយក្បាលក្នុងចំណោម ៤៧ក្បាលរបស់លោកបានស្លាប់កាលពីថ្ងៃអង្គារ ហើយមួយក្បាលទៀតនៅថ្ងៃពុធ រហូតមកដល់​ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ សត្វក្របីចំនួន១៩ក្បាលបានស្លាប់បន្ថែមទៀត។

អាជ្ញាធរក្នុងតំបន់រួមនិងក្រុមគ្រូពេទ្យសត្វបាននិងកំពុងធ្វើការត្រួតពិនិត្យទៅលើករណីនេះ និងកំពុង​ព្យាយាមគ្រប់គ្រងការរីករាលដាលនៃជំងឺ ដោយបានធ្វើការដុតសាកសពសត្វក្របីទាំង ២១ក្បាលចោល ហើយបន្តឃ្លាំមើលក្របី ២៦ក្បាលទៀតដែលនៅសល់។

ពាក់ព័ន្ធនឹងបញ្ហានេះលោក Wanlop Prawatwong មេឃុំ Kabin Buri បាននិយាយថាគេពុំទាន់អាច​ដឹងបាននៅឡើយទេថា តើជំងឺអ្វីឲ្យប្រាកដដែលបានផ្តាច់យក ជីវិតសត្វក្របីទាំងអស់នេះ ប៉ុន្តែមនុស្សចំនួន​បានសន្និដ្ឋានជាបឋមថា វាបណ្តាលមកពីជំងឺមេរោគនៅក្នុងឈាមដែលតែងបង្កឡើងជារឿយចំពោះ​សត្វ ក្របីស្រុក គោ និងគោព្រៃ ខណៈគំរូតាងនៃសាកសពក្របីទាំងនោះ ត្រូវបានបញ្ជូនការិយាល័យបសុសត្វ​នៅខេត្ត Chon Buri ដើម្បីឆ្លងកាត់ការធ្វើតេស្ត៕