(ឡុងដ៏)៖ ការសម្រេចចិត្ត​ចាកចេញពីសហភាពអឺរ៉ុប ឬ Brexit មិនមែនធ្វើឡើងដោយឥតគិតថ្លៃសម្រាប់ ប្រជាជនអង់គ្លេសនោះទេ ខណៈបំណុលដែលទីក្រុងឡុងដ៏ ជំពាក់សហភាពអឺរ៉ុបកើន​ឡើងលើស ៦០ពាន់ លានអឺរ៉ូ (ជាង ៦៣ពាន់លានដុល្លារ)។ នេះបើតាមសម្តីមន្ត្រីការទូតអឺរ៉ុប​ជាន់ខ្ពស់ម្នាក់ដែលចុះផ្សាយ​​ដោយ​សារព័ត៌មាន​រុស្ស៊ី Sputnik​ នៅរសៀលថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦។​

យោងតាមមន្ត្រីទូតដដែល ដែលបានផ្ដល់បទសម្ភាសន៍​ជាមួយទស្សនាវដ្ដី Politico ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ អង់គ្លេសគួរតែនឹងត្រូវបង់ប្រាក់​ចន្លោះពី៥៥ ដល់៦៥ពាន់លានអឺរ៉ូ នៅក្នុងក្របខណ្ឌនៃកិច្ច​សន្យាផ្ដល់​ថវិការរបស់ខ្លួន មុននឹងសម្រេចចិត្តចាក​ចេញពីសហភាពអឺរ៉ុប។ ពោលគឺទីក្រុងឡុងដ៏​ផ្ទាល់ បានយល់ព្រមទទួលយក​ការរ៉ាប់រង ១៥% នៃថវិការ​សម្រាប់មន្រ្តីចូលនិវត្តន៍​ជាជនជាតិអង់គ្លេស និងមិនមែន អង់គ្លេស ដែលធ្លាប់បម្រើការងារនៅក្នុងស្ថាប័ន​ជាច្រើននៃសហភាពអឺរ៉ុប។

មន្ត្រីទូតរូបនេះបានបន្តទៀតថា «អង់គ្លេសមានសិទ្ធិដើរចេញពីសហភាពអឺរ៉ុប ក៏ប៉ុន្តែអង់គ្លេសក៏មាន​កាតព្វកិច្ច​គិតគូរពីថវិកាដែលត្រូវសងសហភាពអឺរ៉ុបផងដែរ ក្នុងនាមជាសមាជិកនៃ​ស្ថាប័នកំពូលមួយនេះ ហើយកាតព្វកិច្ច និងការសន្យាទំាងឡាយនឹងត្រូវអនុវត្តន៍នៅពេលអនាគត»។ បើតាមមន្ត្រីទូតខាងលើ បើអង់គ្លេសមិនព្រមបង់ប្រាក់​ជំពាក់នោះទីក្រុងឡុងដ៏ អាចប្រឈម​មុខនឹងតុលាការយុត្តិធម៌អន្តរជាតិ៕