(ម៉ានីល)៖ សពរបស់អតីតប្រធានាធិបតីផ្តាច់ការហ្វីលីពីន ដែលបានទទួលមរណភាពកាលពីឆ្នាំ១៩៨៩ និងត្រូវបានរារាំងមិនឲ្យបញ្ចុះនៅទីលាន បញ្ចុះសពបុព្វបុរស រាប់ទសវត្សរ៍មកហើយ ត្រូវបានប្រារព្ធពិធី​បញ្ចុះនៅរសៀលថ្ងៃសុក្រនេះ ក្រោយពីទទួលបានការអនុញ្ញាតពីប្រធានាធិបតីលោក រ៉ូឌ្រីហ្គោ ឌូធើតេ។ នេះបើតាមការផ្សាយ នៅមុននេះបន្តិចដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦។

មន្ត្រីយោធាហ្វីលីពីនមួយរូប ដែលសុំមិនបញ្ចេញឈ្មោះ បានបង្ហើបយ៉ាងដូច្នេះថា «សពរបស់អតីត​ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos ត្រូវបានរៀបចំពិធីដើម្បីបញ្ចុះ ជាផ្លូវការនៅរសៀល​ថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកានេះ នៅទីលានបុព្វបុរស LNMB ក្នុងរដ្ឋធានីម៉ានីល»។ ចាប់តាំងពីលោក Marcos ទទួលមរណភាពកាលពីឆ្នាំ១៩៨៩ មកដល់បច្ចុប្បន្ន សពរបស់លោកត្រូវបានដាក់តម្កល់នៅក្នុង​ស្រុកកំណើតនៃក្រុង Ilocos Norte ដោយសារតែលោកជាប់នាម ជាមេដឹកនាំផ្តាច់ការដែលប្រជាជន​ភាគច្រើននៅតែមានភាពគុំគួនបើទោះបីជាលោក បានទទួលមរណភាពជាច្រើនឆ្នាំមកហើយក៏ដោយ។

ទោះបីជាបែបនេះក្តីក្រោយពីមានការតវ៉ា និងសំណូមពរយ៉ាងទទូចពីភរិយាលោក Marcos ព្រមទាំងក្រុម​គ្រួសារ និងការអនុញ្ញាតពីប្រធានាធិបតីបច្ចុប្បន្នលោក រ៉ូឌ្រីហ្គោ ឌូធើតេ ទើបសពរបស់លោកអាច​ត្រូវបានយកទៅកប់នៅទីលានបញ្ចុះសពវីរៈបុរសហ្វីលីពីន ដែលអតីតមេដឹកនាំកំពូលជាច្រើនរូបត្រូវបាន​តម្កល់ទុកជាបន្តបន្ទាប់នៅទីនោះ។ ដោយឡែកការតវ៉ាប្រឆាំងចំពោះការបញ្ចុះសពខាងលើនេះ ក៏ត្រូវបាន​ធ្វើឡើងផងដែរនៅទីក្រុងម៉ានីល៕