(អាមេរិក)៖ បាតុកម្មប្រឆាំងនឹងអនាគតប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ នៅបន្តធ្វើឡើង​ឈានមកដល់ថ្ងៃទី៩ហើយ ខណៈសកម្មភាពតវ៉ាដ៏គួរឲ្យ កត់សម្គាល់នោះគឺមាននៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន និងទីក្រុងឡូសអាន់ជែឡែស នៃរដ្ឋកាលីហ្វរញ៉ា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន La Times នាព្រឹកថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦។

ជុំវិញបាតុកម្មដែលនៅតែបន្ត និងគ្រោងធ្វើឡើងធំបំផុតចំថ្ងៃលោក ដូណាល់ ត្រាំ ស្បថចូលកាន់តំណែង​ប្រធានាធិបតីអាមេរិកជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧នោះ លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតី ជិតផុតអាណត្តិបានលើកឡើងអំឡុងពេលលោកបំពេញទស្សនកិច្ច នៅទីក្រុងប៊ែរឡាំងប្រទេសអាល្លឺម៉ង់​យ៉ាងដូច្នេះថា «អ្វីដែលខ្ញុំនឹងផ្តល់ដំបូន្មាន, អ្វីដែលខ្ញុំធ្លាប់ក្រើនរំលឹកកាលពីមុនបោះឆ្នោត, និងអ្វីដែលខ្ញុំនឹងបន្តណែនាំបន្ទាប់ពីការបោះឆ្នោតទៀតនោះ គឺជាបញ្ហានានានៃការបោះឆ្នោតនោះឯង។ បញ្ហានៃការទៅបោះឆ្នោត, ការរៀបចំដោះស្រាយបញ្ហា, គឺជាការបញ្ជាក់អំពីបញ្ហាជាន់លើបញ្ហា»

ទោះបីជាបែបនេះក្តីលោក បារ៉ាក់ អូបាម៉ា បានអំពាវនាវឲ្យក្រុមគាំទ្រអ្នកនយោបាយទាំងសងខាង ត្រូវតែព្យាយាមក្នុងការបង្រួមទំនាស់ និងងាកមកធ្វើការងារ ជាមួយគ្នាឡើងវិញ ព្រោះការបន្ថយនូវគំនិត​ប្រឆាំងរបស់ប្រជាជនទាំងឡានោះហើយ គឺជាផ្លូវដ៏ប្រសើរបំផុតដើម្បីធ្វើឲ្យលទ្ធិប្រជាធិបតេយ្យ របស់យើង​កាន់តែមានស្ថានភាពប្រសើរឡើង។ យ៉ាងណាក៏ដោយលោក បារ៉ាក់ អូបាម៉ា នៅតែសង្កត់ធ្ងន់ថា «លទ្ធិប្រជាធិបតេយ្យគឺជាការងារដ៏លំបាកមួយ» ហើយប្រជាជនទាំងអស់គួរតែរក្សាជំហរចូលរួម និងមិនត្រូវប្រើប្រាស់វាក្នុងផ្លូវខុសនោះឡើយ៕