(ម៉ូស្គូ)៖ វិមានក្រឹមឡាំងរបស់រុស្ស៊ី បានច្រានចោលនូវសេចក្តីរាយការណ៍អំពីដំណើរទស្សនកិច្ច ដោយប្រធានាធិបតី សហរដ្ឋអាមេរិកជាប់ឆ្នោត Donald Trump ទៅកាន់ប្រទេសរុស្ស៊ី ក្រោយពីលោកឡើងកាន់អំណាច នៅឆ្នាំ២០១៧ ដោយវិមាន Kremlin បានបញ្ជាក់ថា មិនមានការពិភាក្សាជាក់លាក់ណាមួយ ពាក់ព័ន្ធនឹងបញ្ហានេះនោះទេ នេះបើតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាយប់ថ្ងៃទី១៧ ខែវិច្ចិកានេះ។

​ប៉ុន្មានថ្ងៃមុននេះ ទស្សនាវដ្តី Russian Izvestia របស់រុស្ស៊ី បានស្រង់សម្តីពីមន្ត្រីជាន់ខ្ពស់ មិនបញ្ចេញឈ្មោះមួយរូប នៅក្នុងគណបក្សសាធារណរដ្ឋ សហរដ្ឋអាមេរិក បានឲ្យដឹងថា លោក Trump មានគម្រោងទៅបំពេញទស្សនកិច្ចទៅកាន់រុស្ស៊ី បន្ទាប់ពីលោកទទួលយកតំណែងជាប្រធានាធិបតី នៅខែមករាខាងមុខនេះ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ក្រុមអ្នកសារព័ត៌មានថា មិនមានការពិភាក្សាណាមួយ ស្តីពីដំណើរទស្សនកិច្ច របស់លោក ដូណាល់ ត្រាំ នោះទេ រហូតមកដល់ពេលនេះ ហើយសេចក្តីរាយការណ៍ ដែលមិនមានការស្វែងរកប្រភពត្រឹមត្រូវ គឺជាព័ត៌មានបោកបញ្ជោត។​

នៅអំឡុងពេលការសន្ទនាតាមរយៈទូរស័ព្ទ នៅថ្ងៃចន្ទ លោកប្រធានាធិបតី Vladimir Putin និងលោក Trump បានប្តេជ្ញាធ្វើការខិតខំប្រឹងប្រែងដើម្បីធ្វើឲ្យ ទំនាក់ទំនងប្រទេសទាំងពីរ ត្រឡប់មកសភាពធម្មតាវិញ។ លោក Peskov បានឲ្យដឹងថា លោក Putin និងលោក Trump មិនបានពិភាក្សាគ្នា អំពីដំណើរទស្សនកិច្ចនាពេលអនាគតនោះឡើយ៕