(​វ៉ាស៊ីនតោន)៖ អាជ្ញាធរទូរគមនាគមន៍រុស្ស៊ី Roskomnadzor បានបង្គាប់ឱ្យបណ្ដាក្រុមហ៊ុនផ្គត់ផ្គង់​សេវាអ៊ីនធឺណែតទាំងអស់ Bolck (បិទជាអចិន្ត្រៃយ៍) ការផ្ដល់សេវាកម្មអ៊ីនធឺណែតដល់បណ្ដាញ​ទំនាក់ទំនងសង្គម LinkedIn អនុឡោមតាមការសម្រេចរបស់តុលាការ ដែលរកឃើញថា​ក្រុមហ៊ុនមាន​មូលដ្ឋាននៅសហរដ្ឋអាមេរិកមួយនេះ បានរំលោភលើច្បាប់ស្ដីពីទិន្នន័យ។ នេះបើតាមការចុះផ្សាយ​នៅ​មុននេះ​បន្តិចដោយ​សារព័ត៌មាន Reuters នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦។

យោងតាម Roskomnadzor ការសម្រេចបិទ LinkedIn ​គឺធ្វើឡើងក្រោមហេតុផលការពារទិន្នន័យឯកជន ពលរដ្ឋរុស្ស៊ី ត្បិតច្បាប់រុស្ស៊ីបានតម្រូវឱ្យគ្រប់បណ្ដាគេហទំព័រ​ត្រូវស្ដុកទុកទិន្នន័យព័ត៌មាន​ឯកជននៃ​ពលរដ្ឋ របស់ខ្លួននៅលើប្រព័ន្ធ Servers (ប្រព័ន្ធផ្ទុកទិន្នន័យរុស្ស៊ី) ក៏ប៉ុន្តែ LinkedIn មិនបានធ្វើដូច្នោះឡើយ។​

ដោយឡែកជុំវិញការសម្រេចចិត្តនេះដែរខាងក្រុមហ៊ុន LinkedIn មិនទាន់ធ្វើអាត្ថាធិប្បាយអ្វីនោះទេ គ្រាន់តែកាលពីដើមខែវិច្ឆិកា កន្លងទៅក្រុមហ៊ុនមួយនេះធ្លាប់បានគូសបញ្ជាក់ថា វានឹងធ្វើឱ្យប៉ះពាល់​ដល់ពលរដ្ឋរុស្ស៊ីរាប់លាននាក់ រួមទាំងបណ្ដាក្រុមហ៊ុនជាច្រើនដែលប្រើប្រាស់ LinkedIn ដើម្បីអភិវឌ្ឍន៍មុខជំនួញរបស់ពួកគេ។ គួររំលឹកថានៅប្រទេសរុស្ស៊ីមានមនុស្សច្រើនជាង ៦លាននាក់ កំពុងប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម LinkedIn របស់អាមេរិក៕