(ប៉េកាំង)៖ ប្រជាជនចិនបាននាំគ្នាហៅប្រមុខដឹកនាំកំពូលនៃប្រទេសកូរ៉េខាងជើងលោក គីម ជុងអ៊ុន ថា «គីម កន្ធាត់ជំនាន់ទីបី» ហើយឥឡូវនេះក្រសួងការបរទេសចិនបានធ្វើការ Block (បិទជា​អចិន្ត្រៃយ៍) មិនឲ្យប្រជាជនរបស់​​ខ្លួនធ្វើការវាយ​បញ្ចូល ពាក្យមាក់ងាយនេះនៅលើបណ្តាញអ៊ីនធឺណែត​ទៀតឡើយ បន្ទាប់ពីមន្រ្តីជាន់​ខ្ពស់​កូរ៉េខាង​ជើង​ជាច្រើន​រូបបាន​បង្ហាញ​​ពីភាពមិន​​ពេញចិត្តចំ​ពោះរឿង​នេះ។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅមុននេះបន្តិចនារសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦។

បន្ទាប់ពីក្រសួងការបរទេសសម្រេចចិត្តធ្វើការ Block មួយនេះដោយសម្អាងថាវាមិនត្រូវជាមួយនឹង​ការពិតមកការវាយបញ្ចូលឃ្លាស្វែងរកជាភាសាចិន «Jin San Pang» ដែលមានន័យថា «គីមកន្ធាត់​ទីបី» នៅលើបណ្តាញទំនាក់ទំនងសង្គមរបស់ប្រទេសចិន Weibo ក៏ដូចជាគេហទំព័រចិន Baidu ឥឡូវនេះនឹង​មិនបង្ហាញអ្វីទាំងអស់ ប៉ុន្តែទោះជាយ៉ាងនេះក្តីក៏អ្នកប្រើប្រាស់​ដ៏វៃឆ្លាតមួយចំនួនដែល​នៅតែ​ព្យាយាមចង់​ធ្វើការឌឺដងទៅលើមេដឹកនាំកូរ៉េខាងជើងបន្តទៀតនោះ បានប្តូរមកប្រើឃ្លាថា «គីម ម៉ាប់ ម៉ាប់ ម៉ាប់» វិញដើម្បីជៀសវៀងការ Block។  

អ្នកនាំពាក្យក្រសួងការពារជាតិនៃប្រទេសចិនលោក Geng Shuang បានលើកឡើងថា «រដ្ឋាភិបាលចិន​នៅតែបន្តប្តេជ្ញាក្នុង​ការស្ថាបនាបរិយាកាស នៃការ​បញ្ចេញមតិយោបល់​ដែល​ល្អប្រពៃ​ដដែល ប៉ុន្តែពួក​យើងសូមបដិសេធ​ដាច់ខាតចំពោះការមាក់ងាយ និងចំអកឡកឡើយផ្សេងៗ ទៅកាន់មេដឹកនាំនៃគ្រប់​បណ្តាប្រទេស​ជុំវិញពិភពលោក»

គួរបញ្ជាក់ថាបើយោងតាមសារព័ត៌មានមួយរបស់ហុងកុង មន្រ្តីរដ្ឋាភិបាលកូរ៉េខាងជើងបានធ្វើការស្នើ​ជាផ្លូវ​ការសុំឲ្យការវាយបញ្ចូលឃ្លាស្វែងរក «គីម កន្ធាត់ទីបី» ខាងលើត្រូវបាន Block នៅក្នុងប្រទេស​ចិន ព្រោះតែពួកគេព្រួយបា​រម្ភថាមេដឹកនាំរបស់ខ្លួនគឺលោក គីម ជុងអ៊ុន អាចនឹងជ្រាបពីដំណឹងនេះ។ ពាក់ព័ន្ធនឹងរឿងនេះដែរ​ប្រទេស​ចិនក៏ធ្លាប់បាន Block នូវឃ្លាបែបឌឺដងមួយចំនួន​ទៀតផងដែររួម​មាន «ជ្រូកជំនាន់ទីបី» ជាដើម៕