(​លីប៊ី)៖ មន្ត្រីក្រសួងប្រេងលីប៊ី លោក Houcine El Badawi បាននិយាយនៅថ្ងៃពុធថាប្រទេស របស់​លោកមានគំរោងបង្កើន ការផលិតប្រេងឡើងវិញឱ្យបាន ៩០០,០០០បារ៉ែលក្នុងមួយថ្ងៃ បន្ទាប់ពីទិន្នផល​ប្រេងនាបណ្តាលឆ្នាំកន្លងមក បានធ្លាក់ចុះយ៉ាងគំហុកដោយសារសង្រ្គាម។ នេះបើតាមការចេញផ្សាយ​​របស់ទីភ្នាក់ងារសារព័ត៌មានស៊ិនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦។​

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយស៊ិនហួរ លោក Houcine El Badawi  បានលើកឡើងថា «យើងបានផលិតប្រេង ៣០០,០០០ បារ៉ែលក្នុងមួយថ្ងៃនារយៈពេលប៉ុន្មានខែ ចុងក្រោយនេះ ហើយយើង​បានបង្កើនការផលិតដល់ ៦០០,០០០បារ៉ែលក្នុងមួយថ្ងៃ។ ប៉ុន្តែកម្មវត្ថុរបស់យើងគឺធ្វើយ៉ាងណា​ផលិតប្រេងឱ្យបាន ៩០០,០០០បារ៉ែលក្នុងមួយថ្ងៃ»

គួរបញ្ជាក់ថាបើតាមក្រុមអ្នកជំនាញ ការបើកសកម្មភាពឡើងវិញនៃតំបន់ផលិតប្រេង Al-Sharara និង Al-Feel នៃភាគខាងត្បូងលីប៊ី នឹងជួយឱ្យប្រទេសក្នុងតំបន់ អាហ្វ្រិកខាងជើង មួយនេះផលិតប្រេងបាន​រហូតដល់ ទៅ១,៥លានបារ៉ែលក្នុងមួយថ្ងៃ។ ប្រទេសលីប៊ី ធ្លាប់ជាសេដ្ឋីប្រេងដ៏ធំមួយដែរនៅតំបន់​អាហ្វ្រិកខាងជើង និងអារ៉ាប់ ប៉ុន្តែចាប់ពីរបបលោក ហ្គាដាហ្វី ដួលរលំសេដ្ឋកិច្ចប្រទេសនេះគឺដាំក្បាលចុះ​តែម្តង ខណៈប្រជាជនរាប់លាននាក់បានភៀសខ្លួន ទៅរស់នៅបណ្តាប្រទេសនានា ជាពិសេសអឺរ៉ុប៕