(ប៉េកាំង)៖ រដ្ឋាភិបាលចិន នៅថ្ងៃពុធនេះជាថ្មីម្តងទៀត បានជម្រុញឲ្យសហរដ្ឋអាមេរិក និងសាធារណៈរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បញ្ឈប់ការដាក់ពង្រាយ ប្រព័ន្ធការពារគ្រាប់មីស៊ីលទំនើបរបស់សហរដ្ឋអាមេរិក នៅក្នុងទឹកដីកូរ៉េខាងត្បូង។ នេះបើតាមសារព័ត៌មានស៊ិនហួ ចុះផ្សាយនាយប់ថ្ងៃទី១៦ ខែវិច្ចិកានេះ។

​យោងតាមប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ក្រសួងការពារជាតិកូរ៉ខាងត្បូង បានសម្រេចនូវកិច្ចព្រមព្រៀងមួយ នៅថ្ងៃពុធនេះ ដើម្បីទិញយកទីតាំង ដើម្បីដាក់ប្រព័ន្ធការពារគ្រាប់មីស៊ីល THAAD ពីក្រុមហ៊ុន Lotte Group។ ក្រសួងបានព្រមព្រៀង ដើម្បីយកទីតាំង Lotte Skyhill Country Club នៅភាគខាងត្បូងឆៀងខាងកើត តំបន់ជនបទ Seongju ពីក្រុមហ៊ុន Lotte Group​ ជាក្រុមហ៊ុនធំជាងគេលំដាប់ទី០៥ របស់កូរ៉េខាងត្បូង​។

«រដ្ឋាភិបាលចិន ជាថ្មីម្តងទៀត បានបង្ហាញនូវក្តីព្រួយបារម្ភ និងការប្រឆាំង ចំពោះការដាក់ពង្រាយប្រព័ន្ធការពារគ្រាប់មីស៊ីល THAAD»។ នេះបើតាមសម្តីលោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយ។ លោកបន្តថា «យើងជម្រុញឲ្យភាគីទាំងអស់ ទទួលយកនូវការព្រួយបារម្ភដែលមានហេតុផល របស់ប្រទេសចិន និងបញ្ឈប់នូវដំណើរការ នៃការដាក់ពង្រាយនេះ, ចិននឹងចាប់វិធានការចាំបាច់ ដើម្បីរក្សានូវផលប្រយោជន៍សន្តិសុខរបស់ខ្លួន»។

គម្រោងនិងការសាងសង់ នឹងចាប់ផ្តើមធ្វើឡើង នៅដើមឆ្នាំ២០១៧៕