(អាមេរិក)៖ ​បាតុកម្មតវ៉ាប្រឆាំងនឹងលោក ដូណាល់ ត្រាំ អនាគតប្រធានាធិបតីថ្មីរបស់អាមេរិកបាន​ឈានដល់ថ្ងៃទី៧ហើយ ដោយនៅថ្ងៃអង្គារក្រុមសិស្សសាលារាប់រយនាក់ បានដើរចេញពីថ្នាក់រៀន ដើម្បីចូលរួមក្នុងក្បួនដង្ហែតវ៉ាប្រឆាំងនឹងលោក ត្រាំ នៅខាងមុខសេតវិមាន ក្នុងទីក្រុងវ៉ាស៊ីនតោន ខណៈបាតុកម្មតវ៉ាទ្រង់ទ្រាយធំក៏នឹងត្រូវបានធ្វើឡើងផងដែរ នៅថ្ងៃប្រធានាធិបតីអាមេរិកថ្មីស្បថចូល​កាន់តំណែង។ នេះបើតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនាព្រឹកថ្ងៃពុធ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦។

នៅក្នុងបាតុកម្មតវ៉ានោះដែរសិស្សស្រីម្នាក់ឈ្មោះ Anna អាយុ១៧ឆ្នាំ ជាជនភៀសខ្លួនមកពីប្រទេស​អ៊ែលសាវ៉ាឌ័រ បាននិយាយថា នាងពិតជាព្រួយបារម្ភពីអនាគតរបស់ខ្លួន។ នាង Anna បញ្ជាក់​ដូច្នេះថា «ខ្ញុំពិតជាព្រួយបារម្ភណាស់ពីអនាគតរបស់ខ្ញុំ នៅពេលដែលបុរសម្នាក់នេះ (លោក ត្រាំ) ក្លាយជា​ប្រធានាធិបតីអាមេរិក ព្រោះថាយើងអាចនឹងមិនមានសុវត្ថិភាពឡើយ ពេលយើងធ្វើដំណើរនៅតាមផ្លូវ»។ ការលើកឡើងរបស់​សិស្សស្រីរូបនេះបានធ្វើឡើង ក្រោយលោក ត្រាំ បានបង្ហាញពីបំណងចង់បិទបញ្ចប់​គោលនយោបាយលោក អូបាម៉ា ក្នុងការថែរក្សាការពារកុមារនានា ដែលមកពីបណ្ដាប្រទេសដ៏ទៃ ចូលមកក្នុងសហរដ្ឋអាមេរិក។

គួររំលឹកផងដែរថា ជុំវិញការធ្វើបាតុកម្មប្រឆំាងនឹងលោក ដូណាល់ ត្រាំ គេឃើញថាស្ថានការណ៍ដ៏តានតឹង​ខ្លាំងជាងគេបានកើតឡើងនៅទីក្រុង Porland នៃរដ្ឋអូរ៉េហ្គន ភាគពាយ័ព្យសហរដ្ឋអាមេរិក ដោយមានបាតុករជាង ១០០នាក់ឯណោះនៅក្នុងទីក្រុងនេះត្រូវបានប៉ូលិសចាប់ខ្លួន កាលពីចុងសប្ដាហ៍កន្លងទៅ ហើយក៏បានកើតមានអំពើហិង្សាមួយចំនួនផងដែរ៕