(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ផាក គឺនហេ បានជួលមេធាវីម្នាក់ទុកការពារក្ដី ឲ្យហើយនៅមុនពេលលោកស្រី ត្រូវក្រុមរដ្ឋអាជ្ញាពិសេសសួរចម្លើយ ពាក់ព័ន្ធនឹងរឿងអាស្រូវ​ជាមួយ​ស្រ្តីឈ្មោះ ឆយ ស៊ូនស៊ីល ដែលនេះនឹងធ្វើឱ្យលោកស្រី ផាក ក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងដំបូង​គេ​បំផុត​ ត្រូវបានសួរចម្លើយដោយក្រុមរដ្ឋអាជ្ញា លើសំណុំរឿងបទឧក្រិដ្ឋ​ ក្នុងពេលកំពុងកាន់តួនាទី។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នាព្រឹកថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦។

យោងតាមសារព័ត៌មានយ៉ុនហាប់ ក្រុមរដ្ឋអាជ្ញាពិសេសដែលត្រូវតែងតាំងដោយសភា នឹងធ្វើការស៊ើប​អង្កេតលើលោកស្រី ផាក ដើម្បីកំណត់ថាតើលោកស្រីបានដាក់សម្ពាធលើក្រុមហ៊ុនធំៗ នៅក្នុង​ប្រទេសកូរ៉េខាងត្បូង ឱ្យបរិចា្ចគប្រាក់ដល់មូលនិធិរបស់ស្រ្តីឈ្មោះ ឆយ ស៊ូនស៊ីល ដែរឬទេ? ហើយមិនតែប៉ុណ្ណោះពួកគេក៏នឹងសិក្សាផងដែរ ជុំវិញការចោទប្រកាន់ដែលថាស្រី្ដ ឆយ ស៊ូនស៊ីល បានប្រើប្រាស់អំណាចលោកស្រី ផាក លូកដៃចូលក្នុងកិច្ចការរបស់រដ្ឋដែរឬយ៉ាងណា។

គួររំលឹកថាប្រជាប្រិយភាពរបស់លោកស្រី ផាក គឺនហេ បានដាំក្បាលធ្លាក់ចុះយ៉ាងខ្លំាងបន្ទាប់ពី​រឿងអាស្រូវស្រ្ដី ឆយ ស៊ូនស៊ីល ផ្ទុះឡើង​ ខណៈលោកស្រីកំពុងប្រឈមមុខនឹងការទាមទារឱ្យចុះចេញ​ពី​តំណែង ពីសំណាក់គណបក្សប្រឆាំង និងក្រុមបាតុករដែលត្រូវបានគេអះអាងថាមានគ្នាជាង ១លាននាក់បានប្រមូលផ្តុំនៅទីក្រុងសេអ៊ូល៕