(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូ​ឌ្រីហ្គោ ឌូធើតេ បានព្រមាននៅថ្ងៃចន្ទនេះថា ក្រុមសកម្មប្រយុទ្ធ ISIS ដែលត្រូវបណ្ដេញចេញពីប្រទេសអ៊ីរ៉ាក់ និងស៊ីរី អាចនឹងធ្វើដំណើរមកកាន់ហ្វីលីពីន ហើយបើសិនជារឿងនេះកើតឡើងមែននោះ គេគួរតែបំភ្លេចចោលកាតព្វកិច្ចស្ដីពីសិទ្ធិមនុស្ស ដើម្បីសន្តិសុខប្រជាជន។ នេះបើតាម ការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia​ នៅថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦។

ថ្លែងនៅក្នុងសុន្ទរកថាស្ដីពីការពង្រឹងច្បាប់ លោក ឌូធើតេ បានកត់សម្គាល់ថា ខេត្ត Mindanao ​នៃភាគខាងត្បូង ហ្វីលីពីន បានក្លាយទៅជាជម្រករបស់ក្រុមភេរវករ Abu Sayyaf ទៅហើយដែលក្រុមមួយនេះបានស្បថដើរតាមមាគ៌ាក្រុម ISIS​។ ប្រធានាធិបតីហ្វីលីពីន បន្ថែមថា «នៅពេលក្រុមភេរវករនៅតំបន់មជ្ឈិមបូព៌ាបាត់បង់ មូលដ្ឋានរបស់ពួកវា ច្បាស់ណាស់ពួកវាអាចនឹងធ្វើដំណើរមកទីនេះ (ហ្វីលីពីន) ដូច្នេះយើងត្រូវតែត្រៀមខ្លួនជាមុន។ ម្យ៉ាងទៀតខ្ញុំក៏នឹងមិនបណ្ដោយប្រជាជនរបស់ខ្ញុំ ត្រូវបានគេសម្លាប់ ដោយសារតែរឿងសិទ្ធិមនុស្សនោះដែរ។

សូមជំរាបថា បើតាមលោកឌូធើតេ ប្រទេសហ្វីលីពីន ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី នឹងធ្វើការងារយ៉ាងជិតស្និតជាមួយគ្នាដើម្បីបញ្ជៀសលំហូរចេញឬចូលនៃក្រុមភេរវករ មកក្នុងប្រទេសរបស់ពួកគេ៕