(អាមេរិក)៖ ពីទីក្រុង ញ៉ូវយក ទៅដល់ ទីក្រុង San Diego នៅសហរដ្ឋអាមេរិក មនុស្សរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នាតាមដងផ្លូវដើម្បីធ្វើបាតុកម្ម។ ការធ្វើបាតុកម្មនេះមួយចំនួនប្រព្រឹត្តទៅដោយសន្តិភាព ប៉ុន្តែមួយចំនួនធំទៀតឈានដល់ការបង្កអំពើហិង្សាសាហាវ។

ដោយឡែកក្នុងទីក្រុង Portland ក្នុងរដ្ឋ Oregon ប៉ូលីសបានចាត់ទុកថា នេះជាកុប្បកម្ម បន្ទាប់ពីមានក្រុមមនុស្សបំផ្លាញទ្រព្យសម្បត្តិយកវត្ថុផ្សេងៗគប់ ទៅលើប៉ូលីស ព្រមទាំងបានបំផ្លាញរថយន្តជាច្រើនគ្រឿង។ បច្ចុប្បន្នក្រុមបាតុករកំពុងបង្កើនក្តីបារម្ភជាខ្លាំង ខណៈដែលពួកគេធ្វើសកម្មភាពបាតុកម្មនៅតាមដងផ្លូវ។ ខាងក្រោមនេះ ប្រាំចំណុចសំខាន់ៗដែលពួកគេទាមទារចង់បាន៖

 

១៖ ទម្លាក់ លោក​ Donald Trump

មានបាតុករជាច្រើនស្រែកថា «ទម្លាក់លោក Trump»។ តើពាក្យនេះមានន័យពិតប្រាកដដូចម្តេច?
វាជាពាក្យស្លោកដែលបង្កើនការចាប់អារម្មណ៍ជាខ្លាំង តាំងពីពេលចាប់ផ្តើមការបោះឆ្នោត បន្ទាប់ពីសមាជិកបក្សសាធារណរដ្ឋមួយចំនួនប្រើប្រាស់ពាក្យស្លោកនេះ ដោយទាមទារឱ្យបក្សកាត់ផ្តាច់ទំនាក់ទំនងជាមួយនឹងលោក Trump ។ ប៉ុន្តែក្រោយមកពាក្យស្លោកនេះមានអត្ថន័យបែបផ្សេងទៅវិញ។ សម្រាប់មនុស្សមួយចំនួន ពាក្យស្លោកនេះបង្ហាញពីកំហឹងរបស់ពួកគេចំពោះប្រធានាធិបតីដែលទើបតែជាប់ឆ្នោតរូបនេះ។ ប៉ុន្តែមួយចំនួនទៀត វាជាសារផ្ញើទៅកាន់ប្រតិភូបោះឆ្នោត ឬអ្នកបោះឆ្នោតតំណាងរដ្ឋ (Electoral College) ដើម្បីស្នើកុំឱ្យពួកគេបោះឆ្នោតឲ្យលោក Trump ដូចដែលរដ្ឋរបស់ពួកគេបានធ្វើ។

តើសំណើរនេះ អាចទៅរួចឬទេ?

គេហទំព័រ Snopes.com បានបញ្ជាក់ថា ការរំពឹងទុកនេះជារឿងដែលមិនអាចទៅរួចទាល់តែសោះ ដោយបញ្ជាក់ថា វាជារឿងដែលមិនធ្លាប់មានក្នុង ប្រវត្តិសាស្ត្រអាមេរិក ព្រោះវាទាមទារនូវការផ្លាស់ប្តូរជាបន្ទាន់ និងជាការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងនយោបាយរបស់សហរដ្ឋអាមេរិក។

ក្នុងពេលនោះប្រតិភូបោះឆ្នោត ឬអ្នកបោះឆ្នោតតំណាងរដ្ឋ (Electoral College) បានក្លាយជាទីចាប់អារម្មណ៍ជាខ្លាំងសម្រាប់បាតុករ បន្ទាប់ពីលោកស្រី Clinton ទទួលបានជោគជ័យក្នុងការបោះឆ្នោត Popular Vote តែបែរជាចាញ់ក្នុងការបោះឆ្នោតមែនទែននេះទៅវិញ។


២៖ កសាងស្ពាន មិនមែនកសាងជញ្ជាំង

លោក Donald Trump បានធ្វើឱ្យជនអន្តោប្រវេសន៍ចាប់អារម្មណ៍ជាខ្លាំងទៅលើយុទ្ធនាការរបស់លោក ហើយបញ្ហាសំខាន់ដែលក្រុមបាតុករ ប្រឆាំងចំពោះលោក Trump គឺការបណ្តេញជនអន្តោប្រវេសន៍ដែលគ្មានឯកសារត្រឹមត្រូវចេញពីដែនដីសហរដ្ឋអាមេរិក។ បាតុករនៅក្នុងទីក្រុង Miami បានស្រែកថា «កសាងស្ពាន មិនមែនជញ្ជាំងនោះទេ» ដែលមានបំណងសំដៅលើគម្រោងរបស់លោក Trump ក្នុងការកសាងជញ្ជាំងនៅតាមបន្ទាត់ព្រំដែនរវាងប្រទេស ម៉ិចស៊ិក និងសហរដ្ឋអាមេរិក។

តើគម្រោងកសាងជញ្ជាំងនេះ អាចមានឱកាសត្រូវបានលុបចោលដែរឬទេ? «កុំសង្ឃឹមឱ្យសោះ!» នេះជាការលើកឡើងរបស់លោក Kris Kobach ក្រុមប្រឹក្សាម្នាក់របស់លោក Trump ពាក់ព័ន្ធនឹងជនអន្តោប្រវេសន៍ ប្រាប់ភ្នាក់ងារសារព័ត៌មាន CNN។ លោកបានបន្តថា «កុំសួរសំណួរថាតើជញ្ជាំងនេះ នឹងត្រូវបានកសាងឬទេ?» សំណួរតែមួយគត់ដែលអាចសួរបានគឺ« តើជញ្ជាំងនេះត្រូវការពេល និងចំណាយថវិកាប៉ុន្មានសម្រាប់ការកសាង?»។

មិនខ្វល់ថា តើលោក Trump យកចិត្តទុកដាក់លើការទាមទាររបស់បាតុករឬ យ៉ាងណាក៏ដោយ តែជញ្ជាំងនៅតាមបណ្តោយបន្ទាត់ព្រំដែន នឹងត្រូវបានកសាងឡើងយ៉ាងរឹងមំាជាងការរំពឹងទុកទៅទៀត។

 

៣៖ ដើម្បីផ្ញើសារទៅកាន់មនុស្សផ្សេងទៀត

ក្រុមបាតុករមួយចំនួនបានបញ្ជាក់ថា ពួកគេដឹងច្បាស់ថា លោក Trump នឹងឡើងកាន់អំណាចនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ខាងមុខ ប៉ុន្តែពួកគេចង់បង្ហាញ ឱ្យដឹងថា ពួកគេមិនពេញចិត្តនឹងលទ្ធផលបោះឆ្នោតឡើយ ហើយពួកគេនឹងមិនបញ្ឈប់ការប្រឆាំងនោះផងដែរ។

បាតុករក្នុងរដ្ឋ Iowa ក្នុងសប្តាហ៍នេះមានគោលដៅពីរយ៉ាង នេះជាការលើកឡើងរបស់ នាង Rachel Walerstein ដែលចូលរួមក្នុងបាតុកម្មនេះ។ ទីមួយ ពួកគេចង់ឱ្យមនុស្សដឹងថា គោលនយោបាយប្រឆាំងជាតិសាសន៍ ពណ៌សម្បុរ ជនអន្តោប្រវេសន៍ មិនអាចទទួលយកបានឡើយ។ ទីពីរ ដើម្បីបង្កអស្ថិរភាពនយោបាយ ក្នុងគោលដៅបង្កផលលំបាកសម្រាប់រដ្ឋាភិបាល ជាពិសេសដើម្បីធ្វើឱ្យប្រធានាធិបតីជាប់ឆ្នោតរូបនេះ មិនអាចដាក់ចេញនូវគោលនយោបាយ របស់ខ្លួនក្នុងរយៈពេល១០០ថ្ងៃដំបូង។ ស្ត្រីជាបាតុកររូបនេះបានបញ្ជាក់ថា «សម្រាប់ខ្ញុំ វាជារឿងដ៏សំខាន់ដើម្បីផ្ញើសារទាំងនេះ ឱ្យមនុស្សផ្សេងទៀតបានដឹង និងមើលឃើញ»។

នាង Dalina Aimee Perdomo ជាបាតុករម្នាក់ចូលរួមក្នុងបាតុកម្មក្នុងសប្តាហ៍នេះបានបញ្ជាក់ថា នាងមានអារម្មណ៍ខឹងសម្បា និងខកចិត្តជាខ្លាំងចំពោះ លទ្ធផលបោះឆ្នោតក្នុងរដ្ឋរបស់នាង។ ស្រ្តីរូបនេះបានបញ្ជាក់ថា ពួកគេប្រមូលផ្តុំគ្នា ដើម្បីបង្ហាញពីអារម្មណ៍របស់គេ និងក្រុមគ្រួសាររបស់ពួកគេ ដែលមិនពេញចិត្តចំពោះលទ្ធផលនៃការបោះឆ្នោតនេះ»។ ឆ្លើយតបបញ្ហានេះ លោក Donald Trump បានចោទប្រកាន់ក្រុមបាតុករថា ជាក្រុមស៊ីឈ្នួលដើម្បីធ្វើបាតុកម្ម។

 

៤៖ លោក Trump ត្រូវទទួលខុសត្រូវចំពោះអ្វីដែលលោកធ្លាប់បានលើកឡើង

បាតុករម្នាក់ឈ្មោះ Nick Truesdale ប្រាប់ភ្នាក់ងារ CNN ក្នុងទីក្រុង ញ៉ូវយកថា «លោកTrump ចាំបាច់ត្រូវតែដោះស្រាយបញ្ហាទាំងអស់ទាក់ទង នឹងពាក្យ សំដីអាក្រក់ៗដែលលោកធ្លាប់លើកឡើងក្នុងពេលកន្លងមក ហើយបដិសេធមិនធ្វើរឿងបែបនោះ»។

ទាក់ទងនឹងបញ្ហា លោក Trump បានប្រាប់ភ្នាក់ងារសារព័ត៌មាន Wall Street Journal ថា «លោកមិនធ្លាប់គិតថា វោហាសាស្ត្រក្នុងពេលធ្វើយុទ្ធនាការរបស់លោក វាបង្ករឿងវែងឆ្ងាយបែបនេះនោះទេ។ លោកគ្រាន់តែចង់ឱ្យមនុស្សចេះរួបរួមគ្នា លោកចង់បានប្រទេសមួយដែលស្រឡាញ់គ្នាទៅវិញទៅមក គឺលោកគ្រាន់តែ ចង់សង្កត់ធ្ងន់បែបនេះប៉ុណ្ណោះ»។

 

៥៖ លោក Donald Trump មិនមែនជាប្រធានាធិបតីរបស់ខ្ញុំ

ក្រុមបាតុករទូទាំងប្រទេស បានគ្រវីបដាមួយដែលបានសរសេរថា «Trump មិនមែនជាប្រធានាធិបតីរបស់ខ្ញុំ»។ ក្រុមអ្នករៀបចំការធ្វើបាតុកម្មក្នុងទីក្រុង Atlanta បានលើកឡើងពីសាររបស់ពួកគេយ៉ាងសាមញ្ញថា «យើងមិនទទួលយកការពិតដែលថា លោក Trump ជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិកនោះទេ»។ នេះជាអ្វីដែលពួកគេសរសេរលើប្រព័ន្ធទំនាក់ទំនងសង្គម Facebook។

ពួកគេបានសរសេរបន្តថា «សូមបដិសេធចំពោះលោក Trump បដិសេធចំពោះរាល់មេដឹកនាំណាម្នាក់ក្នុងពេលអនាគត ដែលអាចបង្កក្តីភ័យខ្លាច ឬកុហក ប្រជាពលរដ្ឋ។ បដិសេធចំពោះប្រធានាធិបតីដែលចង់ហាមឃាត់ចំពោះរាល់ជនជាតិម៉ូស្លីមទាំងអស់។ បដិសេធចំពោះប្រធានាធិបតីណាម្នាក់ដែលចោទជនជាតិ ម៉ិចស៊ិកថាជាចោរ»។ បាតុករនៅទីក្រុង Atlanta ម្នាក់បាននិយាយថា «សូមបដិសេធចំពោះវប្បធម៌ជាចោរ បដិសេធចំពោះប្រធានាធិបតី ដែលបង្កការបំផ្លិចបំផ្លាញស្ថានភាពក្នុងប្រទេសយើង»៕ សូមទស្សនារូបភាពពីសកម្មភាពប្រើហិង្សាសាហាវៗរបស់ក្រុមបាតុករ៖

បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា

https://scontent-hkg3-1.xx.fbcdn.net/v/t1.0-9/15085696_638058419699286_47186438436408303_n.png?oh=16432f0ebe0b415f70414f7962675b03&oe=588D3F62