(អាមេរិក)៖ លោកស្រី ហ៊ីលឡារី គ្លីនតុន ដែលទើបចាញ់ឆ្នោតថ្មីៗនៅសហរដ្ឋអាមេរិក បានស្តីបន្ទោស​ចំៗទៅលើលោក James Comey ដែលបានធ្វើឲ្យលោកស្រីចាញ់ឆ្នោត ដែលកាលពីមុនបោះឆ្នោត​សន្ទុះគាំទ្រលោកស្រីត្រូវបានគេមើលឃើញថានាំមុខលោក ដូណាល់ ត្រាំ ទៅហើយនោះ។ នេះបើតា​ម​ការចេញផ្សាយដោយ Reuters ដកស្រង់ដោយ Channel News Asia នៅ​ថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦។

ការលើកឡើងរបស់លោកស្រី គ្លីនតុន គឺធ្វើឡើងនៅចំពោះមុខម្ចាស់ជំនួយនានារបស់យុទ្ធនាការ​ឃោសនាបោះឆ្នោតរបស់លោកស្រី តាមរយៈវីដេអូ Conference។ លោកស្រី គ្លីនតុន ហាក់មិនបាន​បញ្ចេញប្រតិកម្មអ្វីឡើយ ចាប់តាំងពីការប្រកាសលទ្ធផលឆ្នោត និងថែមទាំងបានប្រកាសទទួលស្គាល់​ជ័យជម្នះរបស់លោក ដូណាល់ ត្រាំ ថែមទៀតផង។

គួរបញ្ជាក់ថារយៈពេលអំឡុងជាង ១០ថ្ងៃមុនការបោះឆ្នោតមកដល់ ប្រធានការិយាល័យស៊ើបអង្កេត​សហព័ន្ធ FBI លោក Comey បានសម្រេចឲ្យមានការតាមដានឡើងវិញលើ រឿងអាស្រូវអ៊ីម៉ែល របស់លោកស្រី គ្លីនតុន ជាសាធារណៈដែលជារឿងមួយបង្កឲ្យអ្នកបោះឆ្នោតជាច្រើនងាករេចិត្តចេញពី​លោកស្រី ជាពិសេសប្រជាជននៅតាមបណ្តារដ្ឋភាគកណ្តាលទៅខាងលិច៕