(កាប៊ុល)៖ ករណីផ្ទុះដ៏ខ្លាំងមួយបានធ្វើឲ្យកក្រើកមូលដ្ឋានទ័ពអាកាស Bagram របស់អាមេរិកដ៏ធំជាងគេបង្អស់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងបានបណ្តាលឲ្យមនុស្ស៤នាក់ស្លាប់បាត់បង់ជីវិត ខណៈចំនួន១៣នាក់ផ្សេងទៀតបានទទួលរងរបួសយ៉ាងដំណំ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ ក្រុមបេសកម្មនៃអង្គការណាតូ (NATO) ដែលបានដកស្រង់ចេញដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦។

អ្នកនាំពាក្យបេសកម្ម «Resolute Support» របស់អង្គការ NATO បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ប្រមាណជា៥៖៣០នាទីព្រឹក ថ្ងៃសៅរ៍នេះ និងមានជនរងគ្រោះមួយចំនួននៅក្រោយពេលកើតហេតុ ហើយជាមួយគ្នានេះដែរ កងកម្លាំងការពារសន្តិសុខ និងក្រុមគ្រូពេទ្យក៏បានធ្វើរួសរាន់ទៅ កាន់ទីនោះផងដែរ ខណៈលោក Abdul Shokor Qodosi អភិបាលស្រុក Bagram បានបញ្ជាក់ថា មនុស្សយ៉ាងហោចណាច់ចំនួន៤នាក់បានស្លាប់ រួមជាមួយនិង១៣ផ្សេងទៀតបានទទួលរងរបួសយ៉ាងដំណំ នៅក្នុងការផ្ទុះដែលកើតឡើងនៅក្បែរកន្លែងបរិភោគអាហារ នៃមូលដ្ឋានទ័ពអាកាស Bagram។

ពាក់ព័ន្ធនឹងករណីនេះដែរ អ្នកនាំពាក្យក្រុមសកម្មប្រយុទ្ធតាឡីបង់ លោក Zabihullah Mujahid បានចេញមុខអះអាងតាមរយៈបណ្តាញទំនាក់ទំនងសង្គម Twitter ថា ពួកខ្លួនគឺជាអ្នកនៅពីក្រោយការវាយប្រហារនេះ៕