(តូក្យ)៖ ទីប្រឹក្សាសន្តិសុខរបស់ប្រធានាធិបតីអាមេរិកថ្មី លោក ដូណាល់ ​ត្រាំ បាននិយាយថាជំនួប​រវាងលោក ត្រាំ និងនាយករដ្ឋមន្រ្តីជប៉ុន លោក​ ស៊ីនហ្សូ អាបេ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍ក្រោយនេះ​ក្នុងទីក្រុងញូយ៉ក គឺអាចជាការចាប់ផ្ដើមមួយនៃការពិភាក្សាគ្នា សំដៅទទួលបានការគាំទ្រពីទីក្រុងតូក្យូ ដើម្បីទប់ទល់នឹងការ កើនឡើង នៃឥទ្ធិពលចិននៅក្នុងតំបន់អាស៊ី។ នេះបើតាមការចេញផ្សាយ​ដោយ​សារព័ត៌មាន Reuters ​នៅល្ងាចថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦។​

ថ្លែងប្រាប់សារព័ត៌មាន Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ទីប្រឹក្សាសន្តិសុខរបស់លោក ដូណាល់ ​ត្រាំ បានឱ្យដឹងថា «លោក ត្រាំ មានបំណងចង់ឱ្យជប៉ុនដើរ តួនាទីកាន់តែសកម្ម​នៅក្នុង​តំបន់អាស៊ី ហើយ លោក ស៊ីនហ្សូ អាបេ គឺជាមនុស្សតែម្នាក់គត់ដែលសក្តិសមទទួលយកភាពជាមេដឹកនាំក្នុងសម្ព័ន្ធនេះ។​ លើសពីនេះ ទៅទៀតលោក ត្រាំ នឹងផ្ញើសារ​មួយដល់ប្រទេសចិន រួមទំាង ជប៉ុន កូរ៉េខាងត្បូង និងបណ្ដា​ប្រទេសដ៏ទៃទៀតថា អាមេរិកមានបំណងបន្តរួមរស់នៅក្នុងតំបន់ អាស៊ីតាំងពីយូរណាស់មកហើយ»

គួររំលឹកថា ការជាប់ឆ្នោតរបស់លោក ត្រាំ បានធ្វើឱ្យជប៉ុន និងកូរ៉េខាងត្បូងមានការព្រួយបារម្ភមិនតិច​នោះទេ ដោយខ្លាចក្រែ​ងសហរដ្ឋអាមេរិកប្ដូរគោលនយោបាយ ជាក់ស្ដែងនៅក្នុងយុទ្ធនាការឃោសនា​បោះឆ្នោតលោក ត្រាំ ធា្លប់បាននិយាយថា ទីក្រុងសេអ៊ូល និងទីក្រុងតូក្យូ ត្រូវតែចំណាយបា្រក់ពាក់​កណ្ដាលបើចង់ឱ្យ កងទ័ពអាមេរិកឈរជើងនៅក្នុងប្រទេសរបស់ពួកគេ ដើម្បីទប់ទល់នឹងការគំរាម​កំហែង ពីអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង៕