(ម៉ានីល)៖ ជនប្រដាប់អាវុធមានគ្នាប្រមាណ ១០នាក់ បានធ្វើការចាប់ជំរិតមនុស្សចំនួន ០៥នាក់ ដែលជាអ្នកធ្វើការនៅលើនាវាដឹកជញ្ជូនទំនិញមួយគ្រឿងរបស់ប្រទេសវៀតណាម នៅដែនទឹកភាគខាង​ត្បូងនៃប្រទេសហ្វីលីពីន ដែលជាតំបន់ធ្វើសកម្មភាពចាប់ជំរិតយ៉ាងមមាញឹករបស់ក្រុមសកម្មប្រយុទ្ធ អាប៊ូ សាយ៉ាហ្វ (Abu Sayyaf)។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦។

អាជ្ញាធរហ្វីលីពីនបានឲ្យដឹងថា ករណីចាប់ជំរិតខាងលើបានកើតឡើងនៅពេលនាវាដឹកទំនិញធុនធំ MV Royal 16 មួយគ្រឿងរបស់ប្រទេសវៀតណាម បានធ្វើដំណើរឆ្លងកាត់កោះ Basilan ដែលជា​មូលដ្ឋាន​ស្នូលរបស់ក្រុមសកម្មប្រយុទ្ធ Abu Sayyaf ហើយក្រោយមកមនុស្សចំនួនប្រាំនាក់នៅលើនាវាត្រូវបាន​ចាប់ខ្លួន ខណៈពីរនាក់ទៀតបានទទួលរងរបួស ប៉ុន្តែបានរត់គេចខ្លួនរួចហើយ​ក៏ត្រូវបានជួយសង្រ្គោះ​ដោយនាវាដឹកទំនិញមួយគ្រឿងនៃប្រទេសហ្វីលីពីន នៅក្បែរតំបន់កើតហេតុនោះ។

ជាមួយគ្នានេះដែរ អ្នកនាំពាក្យយោធាហ្វីលីពីនប្រចាំតំបន់បានបញ្ជាក់ថា «កងកម្លាំងជើងទឹករបស់យើង​ត្រូវបានបញ្ជូនឲ្យទៅតាមស្វែងរក និងជួយសង្រ្គោះជនរងគ្រោះដែលត្រូវបាន​គេចាប់ជំរិតហើយ ខណៈសញ្ជាតិរបស់ជនរងគ្រោះ​ទាំងប្រាំនាក់រួមនិងអត្តសញ្ញាណនៃជនចាប់ជំរិតពុំទាន់ត្រូវបានគេដឹង​នៅឡើយទេ»

គួរបញ្ជាក់ថាសរុបទាំងលើកនេះ ចំនួនមនុស្សដែល​ត្រូវបានគេចាប់ជំរិតពីនាវាដែលធ្វើចរាចរណ៍​នៅក្នុង​តំបន់​ភាគខាងត្បូង​ប្រទេសហ្វីលីពីន នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍​ចុងក្រោយនេះ​បានកើនដល់ ០៨នាក់ហើយ។ ដោយឡែកជុំវិញបញ្ហានេះដែរ លោក រ៉ូឌ្រីហ្គោ ឌូធើតេ ប្រធានាធិបតីហ្វីលីពីន ក៏បានយល់ព្រមក្នុងការអនុញ្ញាតឲ្យអាជ្ញាធរម៉ាឡេស៊ី ធ្វើការបង្ក្រាបជនចាប់ជំរិតក៏ដូច​ជាក្រុមសកម្មប្រ​យុទ្ធ​​​នៅក្នុងដែនទឹកនៃ​ប្រទេសហ្វីលីពីន​បានផងដែរ៕