(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលទើបជាប់ឆ្នោត លោក Donald Trump បានអញ្ជើញលោកស្រី Theresa May ដើម្បីបំពេញទស្សនៈកិច្ច​ នៅសហរដ្ឋអាមេរិក ជួបពិភាក្សាការងារជាមួយលោក ក្នុងពេលវេលាសមស្របឆាប់ៗណាមួយ តាមដែលអាចធ្វើទៅបាន ដោយការអញ្ជើញនេះលោក Trump បានធ្វើឡើងនៅអំឡុងពេល នៃការភ្ជាប់ទូរស័ព្ទជាមួយគ្នាជាលើកដំបូង ចាប់តាំងពីលោកបានឈ្នះការបោះឆ្នោត ជាប្រធានាធិបតីសហរដ្ឋអាមេរិក។ នេះបើតាមព័ត៌មានពីការិយាល័យនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស ចុះផ្សាយដោយសារព័ត៌មានស៊ិនហួ ​នាយប់ថ្ងៃទី១០ ខែវិច្ជិកា ឆ្នាំ២០១៦នេះ។

លោកស្រី May និងលោក Trump បានព្រមព្រៀងគ្នាថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស «គឺពិតជាពិសេស និងមានសារៈសំខាន់ណាស់ ហើយថានឹងកសាងវាឲ្យក្លាយជាអាទិ៍ភាព សម្រាប់ប្រទេសទាំងពីរ»។ នេះបើតាមរបាយការណ៍ របស់ការិយាល័យ នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស បានឲ្យដឹងយ៉ាងដូច្នេះ។

លោកស្រី May បានប្រាប់ទៅកាន់លោក Trump ដែរថា លោកស្រីរំពឹងថា នឹងបង្កើនទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគទ្វេរភាគី ជាមួយនឹងសហរដ្ឋអាមេរិក ក្នុងនាមជាប្រទេសមួយ ដែលចាកចេញពីសហគមន៍អឺរ៉ុប៕