(អេស្ប៉ាញ)៖ ក្រុមតារាវិទូសហភាពអឺរ៉ុបបាននិយាយថា ពួកគេបានទាញយកផលប្រយោជន៍ពី​ផ្កាយដុះ​កន្ទុយមួយដើម្បីសិក្សាបន្ថែមអំពីភពទឹកកកដ៏តូចមួយ ឬអាចជា ភពក្រិន ឈ្មោះ Makemake ដែលត្រូវ​បានគេគិតថាវាមានលក្ខណៈស្រដៀងនឹងភពភ្លុយតូ។ នេះបើយោងតាមប្រភពព័ត៌មានវិទ្យាសាស្រ្ត Science Daily ចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦។

ក្រុមអ្នកស្រាវជ្រាវបានធ្វើសេចក្តីរាយការណ៍នៅក្នុងទស្សនាវដ្តី Nature ថាដំណើរឆ្លងកាត់ដ៏កម្រ​របស់ភព Makemake នៅចំពីមុខតារាមួយដួងបានបង្ហាញឲ្យក្រុម​អ្នកវិទ្យាសាស្រ្តបាន​ដឹងនូវព័ត៌មាន​ថ្មីៗអំពីទំហំ រូបរាង និងផ្ទៃរបស់វា។ ជាមួយគ្នានេះដែរភព Makemake ត្រូវបានគេអានថា (MAH-kay MAH-kay) ដែលគន្លងរវាងវាមានចំងាយឆ្ងាយជាងគន្លងរវាងភពភ្លុយតូ និងព្រះអាទិត្យ។

គួរបញ្ជាក់ដែរថា ក្រុមអ្នកស្រាវជ្រាវបាននិយាយថា «ភព ភ្លុយតូ, ភព Eris និងភព Makemake គឺជាគំរូភពទឹកកកធំៗទាំង០៣ នៅក្នុងចំនោមភពជាច្រើនទៀតដែលស្ថិតនៅក្នុងគន្លងគោចរឆ្ងាយពី​ព្រះអាទិត្យរបស់យើង»។ បើតាមដឹងគន្លងរបស់វាគឺធ្វើគោចរនៅឆ្ងាយភពភ្លុយតូ​តែបន្តិចប៉ុណ្ណោះ ហើយគ្មានអ្វីចម្លែងនោះដែរដែលផ្ទៃរបស់វាអាចនឹងគ្របដណ្តប់ដោយទឹកកកសុទ្ធ។

សម្រាប់ការសិក្សាពី Makemake ក៏មិនខុសប៉ុន្មានពីភ្លុយតូនោះដែរ គឺក្រុមអ្នកវិទ្យាសាស្ត្រចង់ដឹងកាន់តែ​ច្បាស់អំពីប្រវត្តិនៃការកកើតប្រព័ន្ធព្រះអាទិត្យ ខណៈដែលកាលពីឆ្នាំ២០១៥ យើងបានដឹង​ព័ត៌មាន​ជា​ច្រើនរួចមកហើយពីភពភ្លុយតូ ដែលត្រូវបានចាត់ទុកជាភពចុងគេនៃប្រព័ន្ធព្រះអាទិត្យ ប៉ុន្តែតាមពិតទៅ​វាមិនមែនស្ថិតនៅចុងគេនោះទេ គឺនៅមានភពទឹកកក​តូចៗជាច្រើនទៀត ដែលស្ថិត​នៅឆ្ងាយជាងភ្លុយតូ៕