(វ៉ាស៊ីនតោន)៖ នាយកគ្រប់គ្រងយុទ្ធនាការឃោសនាបោះឆ្នោត របស់លោក ដូណាល់ ត្រាំ គឺលោកស្រី  Kellyanne Conway មិនបានបដិសេធឡើយ ពាក់ព័ន្ធនឹងរឿងដែលប្រធានាធិបតីអាមេរិកថ្មីរូបនេះ​ធ្លាប់បាន​សន្យាថានឹងចាប់លោកស្រី គ្លីនតុន ដាក់ពន្ធនាគារតាមរយៈការតែងតាំងរដ្ឋអាជ្ញាពិសេស​ម្នាក់​ដើម្បីស៊ើបអង្កេតលើរឿងអាស្រូវ Email របស់លោកស្រីកាលពីនៅជារដ្ឋមន្ត្រីការបរទេស។ នេះបើយោង​តាមការចុះផ្សាយដោយសារព័ត៌មាន Sputnik​ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦។​

បើគេនៅចាំមិនភ្លេចទេនៅក្នុងវេទិកាតស៊ូមតិជុំទី២ ជាមួយលោកស្រី គ្លីនតុន លោក ត្រាំ បាននិយាយថា «បើសិនជាខ្ញុំក្លាយជាប្រធានាធិបតី ខ្ញុំនឹងអនុញ្ញាតឱ្យ រដ្ឋមន្ត្រីយុត្តិធម៌របស់ខ្ញុំ តែងតាំងរដ្ឋអាជ្ញាពិសេសម្នាក់​ដើម្បីបង្ហាញនូវអ្វីដែលប្រជាជនអាមេរិកគួរតែដឹង ព្រោះថាយើងមិនធ្លាប់មានឡើយការកុហក និងការលាក់​បាំងដូច្នេះហើយខ្ញុំនឹងបញ្ជូន ហ៊ីលឡារី គ្លីនតុន ទៅពន្ធនាគារបើសិនជាខ្ញុំក្លាយជាប្រធានាធិបតី»។ ទោះបីជាបែបនេះក្តី ការវិវឌ្ឍយ៉ាងណានោះគឺត្រូវរង់ចាំដល់លោក ត្រាំ ឡើងកាន់អំណាចជាផ្លូវការសិន នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧។

គួរបញ្ជាក់ថាប៉ុន្មានថ្ងៃមុនការបោះឆ្នោតការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI​ បានបើកការស៊ើបអង្កេត​ឡើងវិញលើរឿងអាស្រូវ Email ​លោកស្រីគ្លីនតុន ប៉ុន្តែក្រោយមក FBI​បានសម្រេចចិត្តមិនប្ដឹងប្រឆាំងនឹង​អតីតរដ្ឋមន្ត្រីការបរទេសរូបនេះឡើយ ខណៈលោកត្រាំចាត់ទុកថារឿងស្រូវ Email ​នេះជារឿងដ៏អាម៉ាស​សម្រាប់លោកស្រី គ្លីនតុន និងជារឿងអាស្រូវនយោបាយដ៏ធំបំផុតបន្ទាប់ពីរឿងអាស្រូវ Watergate៕