(តូក្យូ)៖ រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន លោក Fumio Kishida បានការពារគោលជំហររបស់ប្រទេស ជប៉ុនដែលបានបដិសេធមិនទទួលយកការបំពាក់អាវុធនុយក្លេអ៊ែរ បន្ទាប់ពីការជាប់ឆ្នោតជាប្រធានាធិបតីថ្មី នៃសហរដ្ឋអាមេរិករបស់លោក ដូណាល់ ត្រាំ ដែលធ្លាប់បានទាមទារឲ្យរដ្ឋាភិបាលជប៉ុនពិចារណា​ចំពោះការប្រើប្រាស់ អាវុធនុយក្លេអ៊ែរ ដើម្បីការពារខ្លួនពីសំណាក់ប្រទេសកូរ៉េខាងជើង។ នេះបើតាមការ​ចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹក ថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦។

នៅប៉ុន្មានម៉ោងក្រោយពីលោក ដូណាល់ ត្រាំ បានទទួលជោគជ័យក្លាយជា ប្រធានាធិបតីថ្មីរបស់​សហរដ្ឋអាមេរិក ដែលជារឿងមួយដែលពិភពលោកនឹកស្មានដល់នោះ លោក Fumio Kishida បានថ្លែងនៅក្នុងកិច្ចសម្ភាសន៍មួយថា «ជប៉ុនគ្មានបំណងអ្វីបន្តិចសោះឡើយចំពោះការបំពាក់អាវុធ​នុយក្លេអ៊ែរនៅក្នុងប្រទេសរបស់ខ្លួន ហើយខ្ញុំជឿជាក់ថាជប៉ុននឹង នៅតែប្រកាន់គោលជំហរបែបនេះ ​តទៅមុខទៀតដោយគ្មានការផ្លាស់ប្តូរ»

គួរបញ្ជាក់ដែរថាកាលពីខែមីនាកន្លងទៅនេះ មហាសេដ្ឋីអចលនទ្រព្យ និងជាបេក្ខភាពប្រធានាធិបតី​មកពីគណបក្សសាធារណរដ្ឋ ធ្លាប់លើកឡើងថាពិភពលោក ប្រហែលជាប្រសើរឡើងវិញប្រសិនបើ​ប្រទេសជប៉ុនមានអាវុធនុយក្លេអ៊ែរដើម្បីការពារខ្លួនឯងដោយផ្ទាល់ ចំពោះមុខប្រទេសកូរ៉េខាងជើង៕