(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូធើតេ បានសម្តែងការអបអរសាទរចំពោះលោក ដូណាល់ ត្រាំ ដែលទើបតែបានជាប់ឆ្នោតក្លាយជាប្រជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក ហើយបានអះអាងថាលោក​កំពុងតែ​ទន្ទឹងរង់ចាំសហការជាមួយលោក ត្រាំ ដើម្បីផ្សះផ្សាក៏ដូចជាពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរផងដែរ។ នេះបើតាមមន្ត្រីរដ្ឋាភិបាលហ្វីលីពីនមួយរូប ដែលដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅមុននេះបន្តិច នារសៀលថ្ងៃពុធ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោក Martin Andanar ប្រធានការិយាល័យទំនាក់ទំនងប្រធានាធិបតី បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍​មួយថា លោក រ៉ូឌ្រីហ្គោ ឌូធើតេ ដែលធ្លាប់បានបញ្ចេញកំហឹង​ស្ទើរតែរាល់ថ្ងៃ​ដាក់រដ្ឋបាល​​របស់លោក បារ៉ាក់ អូបាម៉ា ហើយនិងបានធ្វើការព្រមានដដែលៗថា នឹងកាត់ផ្តាច់សម្ព័ន្ធមិត្តពីទីក្រុងវ៉ាស៊ីននោះ បានធ្វើការកោតសសើរពី​ភាពជោគជ័យដ៏​ធំធេងនៃប្រព័ន្ធ​លទ្ធិប្រជាធិបតេយ្យ​របស់សហរដ្ឋអាមេរិក ក៏ដូចជារបៀបរបបរស់នៅរបស់ប្រជាជនអាមេរិក។

លោក Martian បានថ្លែងយ៉ាងដូច្នេះថា «លោក ឌូធើតេ កំពុងទន្ទឹងរង់ចាំចូលរួមសហការមួយនឹង​រដ្ឋបាលរបស់សហរដ្ឋអាមេរិក ដើម្បីធ្វើឲ្យប្រសើរឡើងនូវទំនាក់​ទំនងរវាងប្រទេស​ទាំងពីរ ដោយនឹងផ្តល់ការគោរព និងអត្ថប្រយោជន៍ទៅឲ្យគ្នាទៅវិញទៅមក»