(សេអ៊ូល)៖​ មេដឹកនាំកូរ៉េខាងជើងនៅថ្ងៃពុធនេះបានធ្វើទស្សនកិច្ចទៅកាន់អង្គភាពយោធាមួយ ដោយថែម ទំាងបង្គាប់ឱ្យយោធារបស់ខ្លួនបង្កើន ការប្រុងប្រយ័ត្នខ្ពស់ ក្នុងការប្រយុទ្ធ ខណៈសហរដ្ឋអាមេរិកកំពុងរាប់សន្លឹក ឆ្នោត។ នេះបើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង ដែលចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ នៅមុននេះបន្តិចនា ថ្ងៃពុធ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង KCNA លោក គីម ជុងអ៊ុន បានទៅធ្វើអធិការកិច្ចនៅឯអង្គភាព យោធាលេខ ១៣៤៤ ហើយបានបង្គាប់ឱ្យមេបញ្ជាការ និងយោធារបស់កូរ៉េខាងជើងមានការប្រុងប្រយ័ត្នខ្ពស់ ប៉ុន្តែមិនបានបញ្ជាក់អ្វីលម្អិតនោះទេ។

គួរបញ្ជាក់ថាការធ្វើដំណើរទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន ធ្វើឡើងនៅក្នុងបរិបទដែលក្រុមអ្នកជំនាញ និងយោធាកូរ៉េខាងត្បូងអះអាងថាទីក្រុងព្យុងយ៉ាង ទំនងជានឹងបាញ់សាកល្បងមីស៊ីលបាលិស្ទីគរយៈចំងាយមធ្យម នៅក្នុងឱកាសដែលសហរដ្ឋអាមេរិកកំពុងដំណើរការការបោះឆ្នោត ឬនៅពេលលទ្ធផលបោះឆ្នោតត្រូវបានគេ ប្រកាសដើម្បីជាសារព្រមានទុកជាមុនសម្រាប់ប្រធានាធិបតីអាមេរិកថ្មី៕