(ប៉េកាំង)៖ ទិន្នន័យផ្លូវការរបស់អគ្គនាយកដ្ឋានគយចិនបានបង្ហាញថា ការនាំចេញប្រចាំខែតុលារបស់ប្រទេសចិន បានធ្លាក់ចុះ៧.៣ភាគរយប្រៀបធៀបពីឆ្នាំ២០១៥ ខណៈការចូលវិញបាន​ថយចុះ១.៤ភាគ​រយធៀបនឹងរយៈពេល​ដូចគ្នាដែលវិស័យទាំងពីរនេះបានធ្លាក់ចុះខ្លាំងហួសពីការរំពឹងទុក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ​ព័ត៌មាន Reuters នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦។

ប្រការហេតុនេះប្រទេសចិនទទួលបានទំហំពាណិជ្ជកម្មប្រមាណ៤៩.០៦ ពាន់លានដុល្លារអាមេរិកតែ​ប៉ុណ្ណោះនៅក្នុង​ខែតុលាកន្លងទៅនេះ ហើយការនាំចេញនៅក្នុងរយៈពេល១០ខែ​ដំបូងនៃឆ្នាំ​២០១៦នេះ បានថយចុះ​ចំនួន ៧.៧ភាគរយបើធៀបទៅនឹងពេល​ដូចគ្នានៅឆ្នាំ២០១៥ ខណៈការនាំចូលវិញបានធ្លាក់ចុះ៧.៥ភាគរយ។

គួរបញ្ជាក់ដែរថាទីភ្នាក់ងារព័ត៌មាន Reuters ធ្លាប់បានធ្វើការព្យាករណ៍រួចមកហើយចំពោះខែតុលា ថាវិស័យនាំចេញរបស់ចិននឹងធ្លាក់ចុះ០៩ភាគរយ ខណៈវិស័យនាំចូលថយត្រឹម១ភាគរយ ខណៈទំហំពាណិជ្ជកម្មមានតម្លៃ ៥១.៧០ពាន់លានដុល្លារអាមេរិក៕