(ម៉ានីល)៖ តុលាការកំពូលហ្វីលីពីននៅថ្ងៃអង្គារនេះ បានបើកភ្លើង​ខៀវឲ្យមាន​ការយកធាតុរបស់អតីត​ប្រធានាធិបតី​ហ្វីលីពីនលោក Ferdinand Marcos ទៅបញ្ចុះនៅឯ​ទីបញ្ចុះសព​សម្រាប់វីរៈបុរស​ហ្វីលីពីន ខណៈរដ្ឋាភិបាល​ទីក្រុងម៉ានីលមុនៗ និងប្រជាជនមួយចំនួនធំសុទ្ធតែយល់ថាលោក Marcos គឺជាមេដឹក​នាំផ្ដាច់ការ ពុករលួយ និងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ នៅអំឡុងពេលដែលលោកដឹកនាំប្រទេសពីឆ្នាំ១៩១៧ ដល់ ឆ្នាំ១៩៨៩។ នេះបើយោងតាមការចុះ​ផ្សាយរបស់សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦។

ថ្លែងទៅកាន់អ្នកសារព័ត៌មានអ្នក​នាំពាក្យតុលាការកំពូលលោក Theodore Te បានឱ្យដឹងថាតុលាការកំពូល បានបោះឆ្នោតក្នុងសំឡេង ៩ ទល់នឹង ៥ ដើម្បីអនុញ្ញាតឱ្យក្រុមគួ្រសារលោក Marcos យកធាតុរបស់លោកទៅ បញ្ចុះនៅឯទីបញ្ចុះសពវីរៈបុរសហ្វីលីពីន ក្នុងទីក្រុងម៉ានីល អនុឡោមតាមការសម្រេចចិត្តពីសំណាក់លោក ប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូធើតេ តិ្បតការសំរេចចិត្តបែបនេះមិនមែន​ផ្ទុយនឹងច្បាប់នោះទេព្រោះថាវា​ក៏គ្មានច្បាប់ ណាបានហាមឃាត់មិន​ឱ្យបញ្ចុះសពនៅទីនោះដែរ។

គួររំលឹកថាលោក Ferdinand Marcos ត្រូវបានប្រជាជនហ្វីលីពីនរាប់លានធ្វើបដិវត្តន៍ (អំណាចប្រជាជន ឬ People Power) ទម្លាក់ចេញពីតំណែងនៅឆ្នាំ១៩៨៦ ហើយលោកនិងគ្រួសារបាន​និរទេសខ្លួនទៅកាន់សហ រដ្ឋអាមេរិក។ លោក Marcos បានទទួលមរណៈភាពនៅរដ្ឋហាវ៉ៃ ក្នុងឆ្នាំ១៩៨៩ និងចាប់ពីពេលនោះមកដែរ គ្រួសារលោក Marcos បានព្យាយាមស្វះស្វែងរកលទ្ធភាព ដើម្បីអាចយកធាតុរបស់លោកមកបញ្ចុះនៅស្រុក កំណើតប៉ុន្តែត្រូវបានរារាំងដោយប្រជាជន និងរដ្ឋាភិបាលជំនាន់ក្រោយៗរបស់ហ្វីលីពីន៕