(ម៉ានីល)៖ ប្រធានាធិបតីនៃប្រទេសហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូធើតេ បានចេញបញ្ជាជាបន្ទាន់ឲ្យបញ្ឈប់ការ​ទិញដូរកាំភ្លើងសម្រាប់ស្ថាប័នប៉ូលិសជាតិ របស់ប្រទេសលោកពីសហរដ្ឋអាមេរិកតទៅទៀត ហើយលោក ឌូធើតេ បានអះអាងថាប្រទេសនេះនឹងងាកទៅរកប្រភពណា ដែលលក់ក្នុងតម្លៃថោកសមរម្យជាងនេះ ដើម្បីមកផ្គត់ផ្គង់អាវុធ​ដល់ហ្វីលីពីនវិញ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃចន្ទ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦។

នៅក្នុងការថ្លែងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍នៅថ្ងៃចន្ទនេះ លោក រ៉ូឌ្រីហ្គោ ឌូធើតេ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងនឹងគ្រាន់តែត្រូវរកប្រភព អ្នកផ្គត់ផ្គង់មួយផ្សេងទៀត ដែលមានតម្លៃថោកជាង ហើយមានគុណភាពល្អដូចគ្នា ដើម្បីធ្វើការផ្គត់ផ្គង់មកឲ្យប្រទេសយើងតែប៉ុណ្ណោះ»។ ការបញ្ជាក់បែបនេះ គឺជាការបង្ហាញថាប្រទេសអាស៊ីអាគ្នេយ៍​មួយនេះគ្មានបញ្ហានោះឡើយចំពោះការផ្អាកលក់កាំភ្លើងពីសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថានៅដើមខែវិច្ឆិកានេះក្រសួងការបរទេសអាមេរិក បានសម្រេចចិត្តផ្អាកគំរោងនៃការលក់កាំភ្លើងវែង​ប្រមាណ ២៦,០០០ដើម មកឲ្យស្ថាប័នប៉ូលិសជាតិ នៃប្រទេសហ្វីលីពីន ហើយក្រោយមកលោកប្រធានាធិបតី​ដែលមានមាត់ឆៅរូបនេះបានបញ្ចេញប្រតិកម្មទាំងកំហឹង ដោយបានហៅបុគ្គលដែលនៅពីក្រោយការសម្រេច​ចិត្តនេះថា «អាស្វា» ទៀតផង និងបានលើកឡើងថានឹងទៅទិញកាំភ្លើងពីប្រទេសរុស្ស៊ី និងចិនវិញ៕