(ហាណូយ)៖ នាយកដ្ឋានបង្ការ និងគ្រប់គ្រង​គ្រោះមហន្តរាយ​ធម្មជាតិនៃប្រទេសវៀត​ណាម បានចេញសេចក្តី​រាយការណ៍​​មួយនៅថ្ងៃចន្ទនេះថា មនុស្សស្លាប់បានកើនឡើង​ដល់ចំនួន១៥នាក់ហើយ​ដោយសារគ្រោះទឹកជំនន់​វាយប្រហារ មកលើភាគកណ្តាលនៃ​ប្រទេសវៀតណាម ខណៈមនុស្ស០៦នាក់ផ្សេងទៀត​បន្តបាត់ខ្លួននៅឡើយ​ដោយសារគ្រោះធម្មជាតិដ៏អាក្រក់មួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃចន្ទ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦។

យោងតាមគេហទំព័ររបស់នាយកដ្ឋានខាងលើ ក្នុងចំណោមតំបន់ទាំង១៣ដែលបានទទួលរងផលប៉ះពាល់ដោយសារ​ការធ្លាក់ភ្លៀងជាប់ៗគ្នាជាច្រើនថ្ងៃមកនេះ គឺខេត្ត Phu Yen ជាតំបន់ដែលបាន រងគ្រោះធ្ងន់ធ្ងរជាងគេបង្អស់ ដោយ​មាន​អ្នកស្លាប់ដល់ទៅចំនួន០៧នាក់ និងបាត់ខ្លួនម្នាក់។ រីឯខេត្ត Quang Binh មានអ្នកស្លាប់ចំនួនបីនាក់ និងខេត្ត Quang Tri ព្រមទាំងខេត្ត Binh Binh បានបាត់បង់ប្រជាជនពីរនាក់ដូចគ្នា ហើយម្នាក់ទៀតមកពីខេត្ត Dak Lak។

បន្ថែមពីនេះគ្រោះទឹកជំនន់ដែលបង្កឡើងដោយការធ្លាក់ភ្លៀង​យ៉ាងជោគជាំ​អស់រយៈពេលជិត​មួយសប្តាហ៍នេះ បានធ្វើឲ្យជន់លិច​លំនៅឋាន​ជិត៤១,០០០ខ្នង​នៅទូទាំងភាគកណ្តាល​ប្រទេសវៀតណាម ហើយក្នុងចំណោម​នោះ​ផ្ទះចំនួន ២២៣ខ្នង បានខូចខាតពី ៥០ទៅ៧០ភាគរយ។ លើសពីនេះទៀតផល​ដំណាំទំហំ​ប្រហែល ១២,០០០ហិកតា​កំពុង​ស្ថិតនៅក្រោមទឹកជំនន់ ខណៈកសិដ្ឋាន​ចិញ្ចឹមសត្វប្រមាណ​៤៣,០០០កន្លែង ត្រូវបានជន់លិចនិង​ហូរនាំយកទៅតាមទឹកផងដែរ។

គួរបញ្ជាក់ដែរថាគ្រោះមហន្តរាយទឹកជំនន់​ជាញឹកញាប់តែង​បានវាយប្រហារ​មកលើប្រទេស​អាស៊ីអាគ្នេយ៍​មួយនេះ​​ជាញឹកញាប់ និងបានបង្កការ​ខូចខាតដល់​លំនៅឋាបរួមទាំង​ផលដំណាំជាច្រើន​ហិកតារាប់មិនអស់ ព្រមទាំងបាន​ធ្វើឲ្យ​រដ្ឋាភិបាល​វៀតណាម​ខាតបង់​ថវិកាជាតិក្នុងមួយឆ្នាំៗ​យ៉ាងហោច​ណាស់ក៏ជាង​១ពាន់លាន​ដុល្លារផងដែរ៕