(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូធើតេ នៅថ្ងៃព្រហស្បតិ៍នេះ បានជួបពិភាក្សាជាមួយនឹងមេដឹកនាំកំពូល របស់ពួកឧទ្ទាមមូស្ល៊ីម MNLF នៅឯវិមានប្រធានាធិបតីភ្លាមៗ បន្ទាប់តុលាការទីក្រុងម៉ានីល បានដកដីកាចាប់ខ្លួនមេដឹកនាំមួយរូបនេះ ជាបណ្តោះអាសន្ន ហើយជំនួបពិភាក្សាគ្នានេះផងដែរ ត្រូវបានធ្វើឡើងក្នុងគោលបំណងលើកស្ទួយដំណើរការ នៃការផ្តល់សន្តិភាពនៅទូទាំងប្រទេស របស់លោកប្រធានាធិបតី។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលបានដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិច នាយប់ថ្ងៃព្រហស្បតិ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦។

ជាអ្នកបង្កើតរណសិរ្សរំដោះជាតិម៉ូរ៉ូ (MNLF) កាលពីឆ្នាំ១៩៦៩ លោក Nur Misuari ដែលបានរត់ភៀសខ្លួនចាប់តាំងតែពីខែកញ្ញា ឆ្នាំ២០១៣មក និងត្រូវបានគេប្តឹងពីបទជាអ្នកដឹកនាំការបះបោរ ដ៏បង្ហូរឈាមមួយនោះ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ប្រធានាធិបតីហ្វីលីពីន បន្ទាប់ពីលោក រ៉ូឌ្រីហ្គោ ឌូធើតេ បានបញ្ជាឲ្យតុលាការ ដកដីកាចាប់ខ្លួនលោក Misuari ជាបណ្តោះអាសន្នសិន ដើម្បីលោកទាំងពីរអាចជួបពិភាក្សាគ្នារកដំណោះស្រាយ ដើម្បីបញ្ចប់ការបះបោរនៅភាគខាងត្បូងប្រទេស ដែលបានអូសបន្លាយអស់រយៈពេលជិតប្រាំឆ្នាំមកហើយនោះ។

គួរបញ្ជាក់ដែរថា ការតស៊ូរប្រយុទ្ធរបស់ក្រុមប្រដាប់អាវុធមូស្ល៊ីម ដើម្បីតែបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន នៅក្នុងប្រទេស ដែលសំបូរទៅដោយអ្នកកាន់សាសនា រ៉ូម៉ាំង-កាតូលិច មួយនេះ បានសម្លាប់ជីវិតមនុស្សច្រើនជាង១២០,០០០នាក់ និងប្រមាណ២លាននាក់ផ្សេងទៀត​ បានបង់ទីជ្រកកោណ។ ដោយឡែករដ្ឋាភិបាល ហ្វីលីពីនក៏ធ្លាប់បានចុះកិច្ចព្រមព្រៀង ជាមួយក្រុមប្រឆាំង MNLF ផងដែរ ប៉ុន្តែមិនត្រូវបានគោរពអនុវត្តន៍តាម ដោយសារតែសភាក្នុងរដ្ឋបាលអណត្តិមុន មិនអាចអនុម័តចេញនូវច្បាប់ ដើម្បីបង្កើតតំបន់មូស្ល៊ីមស្វ័យ័តមួយ នៅភាគខាងត្បូងប្រទេស៕