(សេអ៊ូល)៖ កូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសថាខ្លួនបានតែងតាំងអគ្គរដ្ឋទូតថ្មីប្រចំា ចក្រភពអង់គ្លេស បន្ទាប់ពីរយៈពេលពីរខែនៅបន្ទាប់ពីមន្ត្រីទូតជាន់ខ្ពស់លំដាប់ទី២ម្នាក់ បានរត់ភៀសខ្លួន ទៅចុះចូលជាមួយប្រទេសកូរ៉េខាងត្បូង ដែលនេះអាចនិយាយបានថាជារឿងដ៏អាម៉ាស់មួយសម្រាប់ របបដឹកនាំរបស់លោក គីម ជុងអ៊ុន លើឆាកអន្តរជាតិ។​ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦។

យោងតាមទូរទស្សន៍រដ្ឋកូរ៉េខាងជើង KCNA ចេញផ្សាយថា អគ្គរដ្ឋទូតថ្មីប្រចំាទីក្រុងឡុងដ៏ មានឈ្មោះថា Choe Il ហើយត្រូវបានប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងរាយការណ៍ថា ជាមន្ត្រីជាន់ខ្ពស់​មួយរូបនៃ ក្រសួងការបរទេស។​ ព្រមពេលជាមួយគ្នា KCNA មិនបាននិយាយឡើយពីតួនាទីថ្មីសម្រាប់អគ្គរដ្ឋទូត បច្ចុប្បន្នប្រចំាទីក្រុងឡុងដ៏ លោក Hyon Hak Bong ថានឹងត្រូវផ្លាស់ប្តូរ ឬក៏អត់នោះព្រោះលោកក៏ជាប់ មានការសង្ស័យផងដែរ ថាមិនបានគ្រប់គ្រងមន្ត្រីក្រោមឱវាទឲ្យបានល្អ។

គួរបញ្ជាក់ថាកាលពីខែសីហា មន្ត្រីទូតជាន់ខ្ពស់កូរ៉េខាងជើងលំដាប់ទី២ ប្រចំាប្រទេសអង់គ្លេស លោក Thae Yong Ho រួមទំាងគ្រួសារបានរត់ភៀសខ្លួនមកកាន់ទីក្រុងសេអ៊ូល តែរហូតមកទល់ពេល​នេះ លោក Thae​ មិនទាន់បង្ហាញខ្លួនជាសាធារណៈនៅឡើយទេ ដោយលោកត្រូវបានកូរ៉េខាងត្បូង ធានាឲ្យរស់នៅដោយស្របច្បាប់ថែមទៀតផង៕