(ប៉េកាំង)៖ ក្រុមហ៊ុនលំដាប់ទី១ ផ្នែកសេវាកម្មលក់លើបណ្ដាញ Internet ​Alibaba របស់មហាសេដ្ឋីចិន លោក Jack Ma បានឱ្យដឹងនៅថ្ងៃពុធនេះថា ផលចំណេញនៃការលក់របស់ខ្លួននៅត្រីមាសទី២ បានកើនឡើង៥៥ភាគរយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bloomberg នៅថ្ងៃពុធ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ Alibaba បញ្ជាក់ថាការលក់នៅត្រីមាសទី២ ឆ្នាំ២០១៦នេះ បានហក់ឡើងជិត៥៥ភាគរយ ឬស្មើនឹង៥.១ពាន់លានដុល្លារ ពោលគឺវាល្អប្រសើរជាងការព្យាករណ៍ ដោយសារតែការរីកចំរើនផ្នែកប្រព័ន្ធផ្សព្វផ្សាយ ​និងការផ្សព្វផ្សាយពាណិជ្ជកម្ម របស់ក្រុមហ៊ុន។

សូមជំរាបថា នៅថ្ងៃពុធនេះ ភាគហ៊ុនក្រុមហ៊ុន Alibaba​ បានកើនឡើងច្រើនជាង៣ភាគរយ នៅមុនផ្សារហ៊ុន បើកជួញដូរ។ ដោយឡែកកាលពីអង្គារម្សិលមិញ ភាគហ៊ុនក្រុមហ៊ុនមួយនេះមានតម្លៃ១០១.១៥ដុល្លារ​ នៅក្នុងទីក្រុងញូយ៉ក និងកើនដល់២៤ភាគរយនៅក្នុងឆ្នាំនេះ​៕