(ស៊ិដនី)៖ របាយការណ៍ថ្មីមួយជុំវិញការបាត់ដំណឹងរបស់ យន្តហោះនៃអាកាសចរណ៍ម៉ាឡេស៊ី MH370 ដែលចេញដោយទីភ្នាក់ងារស៊ើបអង្កេតសុវត្ថិភាព នៃប្រទេសអូស្រ្តាលីបានអះ​អាងថាយន្តហោះ​ដែលផ្ទុកមនុស្ស ចំនួន២៣៩នាក់ ហើយបានដំណឹងសូន្យឈឹងកាលពីខែមីនា ឆ្នាំ២០១៤ នៅលើផ្លូវហោះហើរពីទីក្រុង គូឡាឡាំពួរ ទៅកាន់ទីក្រុងប៉េកាំងនោះ បានធ្លាក់ដាំក្បាលចុះ​សំដៅទៅក្នុងផ្ទៃ​សមុទ្រតែម្តង បន្ទាប់ពីអស់សាំង ហើយវាប្រៀបដូចជាគ្មានអ្នកបញ្ជាគ្រប់គ្រងឡើយ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦។

របាយការណ៍របស់ការិយាល័យសុវត្ថិភាពគមនាគមន៍អូស្រ្តាលី ឬហៅកាត់ថា ATSB នៅថ្ងៃពុធនេះបាន លើកឡើងថា ការវិភាគយ៉ាងម៉ត់ចត់ទៅលើបំណែកស្លាប ដែលទើបតែត្រូវបាន​រកឃើញបាន​បង្ហាញ​ថា យន្តហោះ MH370 មិនត្រូវបានពីឡុតបញ្ជាឲ្យធ្វើការចុះចតនោះឡើយ ហើយប្រព័ន្ធទាក់ទងតាមផ្កាយរណប ទៅលើយន្តហោះនោះ គឺត្រូវគ្នាជាមួយនឹង​ការសន្មត់ដែលថាវាបាន​ធ្លាក់សំ​យ៉ុងចុះពីលើអាកាស​តែម្តង នៅពេលដែលវាបានបាត់ចេញពីប្រព័ន្ធរ៉ាដា នៃអាកាសយានដ្ឋាន។

នាយកដឹកនាំបេសកម្មរុករករបស់ ATSB បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «ក្រោយពីឆ្លងកាត់ការធ្វើកោសល្យវិច្ច័យយ៉ាងដិតដល់ គេពិនិត្យឃើញថាបន្ទះស្លាប​របស់​យន្តហោះ MH370 បានស្ថិតនៅក្នុងស្ថានភាពមិនលាតត្រដាង ដែលមិនមែនសម្រាប់ត្រៀមធ្វើការចុះចតនោះឡើយ ពីព្រោះថា ពីឡុតត្រូវធ្វើការពន្លាតបន្ទះស្លាបយន្តហោះ ដើម្បីអនុញ្ញាតឲ្យវាធ្វើដំណើរ​ក្នុងល្បឿនយឺតនៅមុនពេល អាចចុះចតបាន។ ដូច្នេះអ្នកអាចធ្វើការសន្និដ្ឋានដោយខ្លួនបានហើយថា តើនៅពេលនោះមានអ្នកបញ្ជា យន្តហោះ​ដែរឬយ៉ាងណានោះ»

គួរបញ្ជាក់ដែរថារបាយការណ៍ថ្មីខាងលើនេះ នៅតែមិនទាន់អាចបញ្ជាក់ភាពប្រាកដមួយភាគរាយនៅឡើយទេ ថាយន្តហោះដែលបាត់សញ្ញាដោយអាថ៌កំបាំងជាទីបំផុតនេះ បានធ្លាក់ដាំក្បាល​ចុះដោយ​គ្មាន​អ្នកបញ្ជាពិតមែន ឬយ៉ាងណា ដោយសារតែគេពុំអាចទាន់រកឃើញបំណែកយន្តហោះទាំងស្រុងនៅឡើយ។ ATSB របស់ អូស្ត្រាលី ក៏កំពុងពិភាក្សាផងដែរពីការត្រៀម​រៀបចំការរុករកបំណែក​យន្តហោះសាជាថ្មី៕