(ប៉េកាំង)៖ ពិព័រណ៍អាកាសចរណ៍ដ៏ធំមួយកំពុងតែប្រាព្ធឡើងនៅក្នុងទីក្រុង Zhuhai ប្រទេសចិនដែលនៅក្នុង ឆ្នាំនេះមានការដាក់បង្ហាញពីសព្វាវុធថ្មីៗជាច្រើន ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះគឺមហាអំណាច នៅអាស៊ីមួយនេះបានឆ្លៀតឱកាសបង្អួតពិភពលោកឲ្យបានឃើញជាលើកដំបូង នូវយន្តហោះជំនាន់ថ្មីបំផុត និងទំនើបៗមួយចំនួនរួមមានយន្តហោះចម្បាំង J-20 ដែលអាចបំបាំងកាយ, យន្តហោះដឹកជញ្ជូន Y-20 ដ៏ធំសម្បើម, និងយន្តហោះ AG-600 ដែលអាចចុះចតលើផ្ទៃទឹកបាន ហើយទាំងអស់នេះត្រូវបានផលិតឡើង ដោយវិស្វករចិនខ្លួនឯងសុទ្ធសាធ។ នេះបើតាមការចេញផ្សាយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦។

ពិព័រណ៍អវកាសនិងអាកាសចរណ៍អន្តរជាតិចិនលើកទី១១ នឹងចាប់ផ្តើមពីថ្ងៃទី០១ ដល់ ថ្ងៃទី០៦ ខែវិច្ឆិកា នៅឯមជ្ឈមណ្ឌលពិព័រណ៌អាកាសចរណ៍ចិននៃទីក្រុង Zhuhai ខេត្ត Guangdong ហើយនិងមានការចូលរួម ពីប្រទេសចំនួន៤២ផ្សេងទៀតនៅជុំវិញពិភពលោក ប៉ុន្តែចំណាប់អារម្មណ៍ទាំងអស់នឹងផ្តោតសំខាន់ទៅលើ សព្វាវុធ និងយន្តហោះដែលទុកសម្រាប់បម្រើវិស័យយោធា ដ៏ធំសំបើមរបស់ប្រទេសចិន។

កងទ័ពជើងអាកាសចិនបានបញ្ជាក់ថា យន្តហោះចម្បាំងថ្មី និងទំនើបបំផុតប្រភេទ J-20 ដែលជាជំនាន់ទីប្រាំ និងមានសមត្ថភាពអាចបំបាំងខ្លួនចេញពីប្រព័ន្ធរ៉ាដា នឹងបង្ហាញវត្តមានជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍ ដ៏ធំអស្ចារ្យដែលកំពុងប្រព្រឹត្តទៅនៅឯទីក្រុង Zhuhai នេះ។ យន្តហោះចម្បាំង J-20 ត្រូវបានអ្នកវិភាគ មួយចំនួនអះអាងថាមានសមត្ថភាពមិនចាញ់យន្តហោះចម្បាំង F-22 របស់អាមេរិកនោះឡើយ ហើយវាអាចនឹង ត្រូវផលិតឡើងសម្រាប់ប្រតិបត្តិការវាយប្រហារចំពោះគោលដៅ ដែលមានរយៈចម្ងាយឆ្ងាយយ៉ាងមាន ប្រសិទ្ធភាព និងសមត្ថភាពនៃការទម្លាក់គ្រាប់បែក។

ជាមួយគ្នានេះដែរយន្តហោះមួយប្រភេទទៀត ដែលនឹងត្រូវបង្ហាញខ្លួនដែរនោះ គឺយន្តហោះយុទ្ធសាស្រ្ត ដឹកជញ្ជូនខ្នាតធំ Y-20 ដែលវាមានរូបរាងប្រហាក់ប្រហែល ទៅនឹងយន្តហោះអាមេរិក C-17 Globemaster III និងត្រូវដាក់ឲ្យបម្រើការដឹកជញ្ជូនសម្ភារៈយោធាធំៗ ដូចជារថពាសដែកឬយន្តហោះខ្នាតតូចជាដើម។ ម្យ៉ាងវិញទៀតបើយោងតាមប្រភពពីយោធាជើងអាកាសចិន យន្តហោះ Y-20 អាចនឹងត្រូវគេអភិវឌ្ឍន៍ ឲ្យក្លាយទៅយន្តហោះសម្រាប់បញ្ចូលប្រេងសាំង លើអាកាសផងដែរ។

ចំណែកយន្តហោះ AG-600 ដែលអាចចុះចតលើផ្ទៃទឹកក៏ត្រូវបានដាក់ឲ្យចូលរួមក្នុងពិព័រណ៍នេះដែរ ហើយវាគឺយន្តហោះចុះលើទឹកប្រភេទថ្មី និងធំជាងគេបំផុតនៅលើពិភពលោក ដោយវាមានទំហំស្មើនឹង យន្តហោះ Boeing 737 ឯណោះ ខណៈវាត្រូវបានគេរំពឹងថា នឹងប្រើក្នុងប្រតិបត្តិការរុករកនិងជួយសង្រ្គោះ, ការល្បាតដែនសមុទ្រ, និងការផ្គត់ផ្គង់យោធា។

គួរបញ្ជាក់ដែរ ថាពិព័រណ៍អាកាសចរណ៍ដ៏ធំនៅចិននេះ ក៏មានការចូលរួមពីយន្តហោះចម្បាំង Su-37 និង MiG-29 របស់ប្រទេសរុស្ស៊ីថែមទៀតផង ហើយក្រៅពីការបង្ហាញយន្តហោះ ចិនក៏បានបង្អួតពីរថពាសដែក ថ្មីៗមួយចំនួនផងដែរដូចជា VT-4 និង Type-96B៕