(ឡុងដ៏)៖ ទេសាភិបាលធនាគារកណ្ដាលអង់គ្លេស លោក Mark Carney​ បានសម្រេចចិត្តពន្យាអណត្តិរយៈ ពេល០១ឆ្នាំជាប្រធានដឹកនាំស្ថាប័នមួយនេះ រហូតដល់ខែមិថុនា ឆ្នាំ២០១៩ ដើម្បីចាត់ចែងសំណើរមួយចំនួន នៅអំឡុងពេលនៃកិច្ចចរចាចេញពីសហភាពអឺរ៉ុប ដែលគ្រោងនឹងធ្វើឡើងនៅមុនខែមីនា ឆ្នាំ២០១៧។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី០១ ខែតុលា ឆ្នាំ២០១៦។

​ជុំវិញការសម្រេចចិត្តនេះដែរនាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី Theresa May បាននិយាយថា «លោក Mark Carney​ បានសម្រេចចិត្តបន្តដឹកនាំធនាគារកណ្ដាលអង់គ្លេស មួយឆ្នាំបន្ថែមទៀតដែលនេះគឺជាការចូល រួមចំណែកក្នុងការស្វែងរកស្ថេរភាព នៅពេលយើងធ្វើការចរចាចាកចេញពីសហភាពអឺរ៉ុប»

គួរបញ្ជាក់ថាលោក Mark Carney មានអាយុ៥១ឆ្នាំបានកាន់ដំណែងជាទេសាភិបាលធនាគារកណ្ដាល អង់គ្លេស នៅឆ្នាំ២០១៣ ធ្លាប់បង្ហាញពីបំណងលាលែងពីដំណែងនេះ មុនកាលកំណត់នៃអណត្តិរបស់លោក នៅឆ្នាំ២០២១ ដោយសំអាងលើហេតុផលផ្ទាល់ខ្លួន។ ក៏ប៉ុន្តែដោយសារតែ Brexit កាលពីថ្ងៃ២៣ ខែមិថុនា កន្លងទៅបានធ្វើឲ្យលោកទទួលបន្ទុកការងារបន្ថែមទៀតនោះ ទើប​លោកសម្រេចចិត្តពន្យាអាណត្តិ រហូតដល់ឆ្នាំ២០១៩៕