(ហ្សាកាតា)៖ អាជ្ញាធរអាកាសចរណ៍ឥណ្ឌូណេស៊ីនៅថ្ងៃចន្ទនេះ បានចេញប្រតិបត្តិការដើម្បីតាមស្វែងរក យន្តហោះដឹកជញ្ជូនមួយគ្រឿងផ្ទុកមនុស្សបួននាក់នៅលើនោះ ដែលបានបាត់ការទាក់​ទងអំ​ឡុង​ពេលកំពុងស្ថិត នៅលើដែនអាកាសនៃខេត្ត Papua ភាគខាងកើតនៃប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះ​បន្តិច​នារសៀលថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០១៦។

ប្រធានទីភ្នាក់ងាររុករក និងជួយសង្រ្គោះនៃប្រទេសឥណ្ឌូណេស៊ី លោក Bambang Soelistyo បានឲ្យដឹងថា យន្តហោះសម្រាប់ប្រើប្រាស់ក្នុងការដឹកជញ្ជូនប្រភេទ DHC 4 Caribou បានដាច់វិទ្យុ​ទាក់ទង​ជាមួយស្ថានីយ៍ គ្រប់គ្រងការហោះហើរនៅយប់ថ្ងៃអាទិត្យម្សិលមិញនេះ អំឡុងពេលនៃការហោះហើរពីក្រុង Timika ទៅកាន់ក្រុង Ilaga នៃខេត្ត Paupa ហើយមនុស្សដែល​ស្ថិតនៅលើ​យន្តហោះនោះរួមមានពីឡុតចំនួនពីរូប អ្នកបច្ចេកទេសមួយរូប និងអ្នកគ្រប់គ្រងប្រតិបត្តិការហោះហើរមួយរូប។

ទន្ទឹមគ្នានេះដែរលោក Johannes Rettob ប្រធានមន្ទីរដឹកជញ្ជូនខេត្ត Papua បានឲ្យដឹងដែរថា យន្តហោះមួយចំនួនត្រូវបានបញ្ជូនទៅកាន់តំបន់ Jila Pass ដែលត្រូវបានគេសន្និដ្ឋាន​ថាជាទីតាំងដែល យន្តហោះដឹកជញ្ជូន DHC 4 បានបាត់ខ្លួនហើយ ប៉ុន្តែដោយសារតែនៅតំបន់នោះសំបូរទៅដោយអ័ព្ទក្រាស់ៗ ដូច្នេះគេពុំទាន់បានប្រទះឃើញអ្វីនៅឡើយនោះទេ។

គួរបញ្ជាក់ដែរថា ដោយសារតែសណ្ឋានដីពោរពេញទៅដោយជួរភ្នំ និងព្រៃឈើ យន្តហោះគឺជាមធ្យោបាយ តែមួយគត់ដែលសក្តិសមក្នុងការដឹកជញ្ជូនទំនិញក៏ដូចជាមនុស្សនៅកាន់ខេត្ត Papua នៃប្រទេសឥណ្ឌូណេស៊ី ប៉ុន្តែអាកាសធាតុដែលងាយនឹងប្រែប្រួលនៅទីនោះ ជាញឹកញាប់បានបណ្តាលឲ្យការធ្វើដំណើរតាមផ្លូវអាកាស ប្រឈមនឹងគ្រោះថ្នាក់ជាទីបំផុត ដូចដែលធ្លាប់​កើតមាន​ជាច្រើនដងមកហើយ៕