(ហ្សាការតា)៖ ភ្នំភ្លើង Sinabung ដ៏មានឥទ្ធិពលរបស់ប្រទេសឥណ្ឌូណេស៊ី បានផ្ទុះឡើងសាជាថ្មីម្តងទៀត នៅថ្ងៃចន្ទនេះ ដែលបានជះកម្អែលផេះឡើងទៅលើមេឃកម្ពស់រហូតទៅដល់ជាង ៣,០០០ម៉ែត្រឯណោះ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ ដោយដកស្រង់ពីទីភ្នាក់ងារ តាមដានសកម្មភាពភ្នំភ្លើងឥណ្ឌូណេស៊ី នារសៀលថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០១៦។

ខណៈពេលនេះ គេនៅពុំទាន់ទទួលបានព័ត៌មានល្អិតពីការជម្លៀសប្រជាជន ឬការខូចខាតដែលបង្កឡើង ដោយការផ្ទុះដ៏កក្រើកនៃភ្នំភ្លើង Sinabung នេះនៅឡើយទេ ប៉ុន្តែអាជ្ញាធរឥណ្ឌូណេស៊ីបាន​ប្រកាសឲ្យ ប្រជាជនទូទៅស្ថិតនៅក្បែរតំបន់ភ្នំភ្លើងនៃភាគខាងលិចប្រទេសមួយនេះ បង្កើនការប្រុងប្រយ័ត្នកម្រិតខ្ពស់ ខណៈភ្នំភ្លើងដ៏សកម្មនេះបានផ្ទុះឡើងដ៏ខ្លាំងក្លាលើសពីការរំពឹងទុកទៅទៀត។

គួរបញ្ជាក់ថាពុំមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ដោយសារបន្ទុះភ្នំភ្លើងខាងលើនេះឡើយ ប៉ុន្តែក្រុមអ្នកទេសចរទាំងឡាយ ត្រូវបានហាមប្រាមមិនឲ្យទៅធ្វើការកម្សាន្តនៅតំបន់ដែលមានចម្ងាយចាប់ពី ៦គីឡូម៉ែត្រពីជុំវិញភ្នំភ្លើងនោះឡើយ។ ភ្នំភ្លើង Sinabung មានកម្ពស់ ២,៤៦០ម៉ែត្រ ជាភ្នំភ្លើងមួយក្នុងចំណោមភ្នំភ្លើងសកម្មទាំង ១២៩នៅប្រទេស ឥណ្ឌូណេស៊ី៕