(សេអ៊ូល)៖ កូរ៉េខាងជើងតាមរយៈគេហទំព័ររដ្ឋរបស់ខ្លួននៅថ្ងៃចន្ទនេះ បានថ្កោលទោសក៏ដូចជាចោទ ប្រកាន់ថាអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន ដែលត្រូវបានគេជឿជាក់​ថានឹងក្លាយជា បេក្ខភាពប្រធានាធិបតីកូរ៉េខាងត្បូងនៅអាណត្តិក្រោយនេះ គឺជាមនុស្សលំអៀងដែឡតែងតែកាន់ជើង សហរដ្ឋអាមេរិក និងក្រុមអភិរក្សនិយមមួយចំនួនទៀត។ នេះបើយោងតាម​ការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ នាព្រឹកថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០១៦។

គេហទំព័រកូរ៉េខាងជើង​ dprktoday.com បានបញ្ជាក់ដែរថា លោក បាន គីមូន បានក្លាយជាកម្មវត្ថុនៃការសើច ចំអក និងថ្កោលទោសដោយសារតែលោក បានអំពាវនាវឱ្យក្រុមប្រឹក្សា​សន្តិសុខអង្គការសហប្រជាជាតិ អនុម័ត​ជាបន្ទាន់លើដំណោះសា្រយដាក់ទណ្ឌកម្មប្រឆាំងនឹងរបបដឹកនាំទីក្រុងព្យុងយ៉ាង ចំពោះការបាញ់សាកល្បង អាវុធនុយក្លេអ៊ែជាលើកទី០៥កាលពីខែកញ្ញា កន្លងទៅនេះ។ «គាត់ (លោក បាន គីមូន) កំពុងប្រឹងប្រែង​ដើម្បី ទទួលបានការគាំទ្រពីក្រុមអភិរក្សនិយម នៅមុនការបោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូងឈានមកដល់ តាម​រយៈការប្រើពាក្យពេចន៍ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង តាមបង្គាប់របស់សហរដ្ឋអាមេរិក។ ប៉ុន្តែនេះអាចជាការគិត ខុសដែលលោកជឿជាក់ថា ការអែបអប ឬកាន់ជើងសហរដ្ឋអាមេរិក និងលោកស្រី ផាក គឺនហេ នឹងធ្វើឱ្យ លោកជាប់ឆ្នោតជាប្រធានាធិបតីបានយ៉ាងងាយស្រួលនោះ»

គួររំលឹកថា លោក បាន គីមូន​ ដែលនឹងត្រូវផុតអាណត្តិជាអគ្គលេខាធិការអង្គការសហប្រជាជាតិនៅខែមករា ខាងមុខនេះ ត្រូវបានគេរំពឹងថានឹងឈរឈ្មោះ​ជាបេក្ខភាពនៅក្នុង​ការបោះឆ្នោតជ្រើសរើស​ប្រធានាធិបតីកូរ៉េខាងត្បូង នៅខែធ្នូ ឆ្នាំ២០១៧ បើទោះជាលោកមិនទាន់អះអាងពីគោលបំណងរបស់លោកក៏ដោយ៕