(ប៉េកាំង)៖ មនុស្សចំនួន០៦នាក់បានបាត់ខ្លួន នៅក្រោយពេលទូនេសាទមួយគ្រឿងរបស់ចិន បានជ្រុលទៅបុកនឹងនាវាដឹកប្រេងដ៏ធំមួយគ្រឿងផ្សេងទៀតរបស់ប្រទេសក្រិកយ៉ាងពេញទំហឹង នៅលើផ្ទៃសមុទ្រភាគខាងកើតខេត្ត Zhejiang ប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅយប់ថ្ងៃសៅរ៍ ទី២៩ ខែតុលា ឆ្នាំ២០១៦។

ទីភ្នាក់ងារជួយសង្រ្គោះនៅតាមដែនសមុទ្រនៃទីក្រុង Taizhou បានឲ្យដឹងថាពួកគេទទួលបានការរាយការណ៍មួយនៅវេលាម៉ោងប្រហែល១០នាយប់ថ្ងៃសុក្រ ដែលបានអះអាងថានាវាស្តុកប្រេងរបស់ប្រទេសក្រិកមួយគ្រឿង បានបុកជាមួយនឹងទូកនេសាទរបស់ប្រទេសចិន នៅក្បែរឈូងសមុទ្រនៃទីក្រុង Taizhou។

បន្ទាប់ពីហេតុការណ៍នេះបានកើតឡើង មនុស្សចំនួន០៦នាក់នៅលើទូកនេសាទបានរអិលជើងធ្លាក់ចូលទៅក្នុងផ្ទៃសមុទ្រ ហើយបានបន្តបាត់ខ្លួនតាំងពីពេលនោះរហូតមក ដោយមិនទាន់ត្រូវបានគេរកឃើញនៅឡើយនោះទេ ខណៈប្រតិបត្តិការជួយសង្រ្គោះកំពុងតែត្រូវបានរាំងស្ទះដោយសារកម្លាំងខ្យល់បក់បោកដ៏ខ្លាំងក្លា។ ជាមួយគ្នានេះដែរ អាជ្ញាធរពាក់ព័ន្ធក៏កំពុងតែស៊ើបអង្កេតរកមូលហេតុ ដែលបានបណ្តាលឲ្យទូកនិងនាវាទាំងពីរខាងលើប៉ះទង្គិចគ្នាផងដែរ៕