(ម៉ានីល)៖ ក្រសួងការពារជាតិហ្វីលីពីន បានឲ្យដឹងនៅថ្ងៃសុក្រនេះថា នាវាល្បាតរបស់ប្រទេសចិន ត្រូវបានដកចេញពីតំបន់វិវាទ Scarborough Shoal ដែលស្ថិតនៅក្នុងដែនសមុទ្រចិនខាងត្បូង ហើយទូកនេសាទរបស់ប្រទេសហ្វីលីន អាចបន្តធ្វើការនេសាទរបស់ខ្លួន នៅក្នុងតំបន់នោះបានជាធម្មតាវិញ ប្រការនេះបានស្តែងឲ្យឃើញពីសមិទ្ធិផលដែលសម្រេចបានមួយ នៅក្រោយដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីហ្វីលីពីន ទៅកាន់ប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិច នាយប់ថ្ងៃសុក្រ ទី២៨ ខែតុលា ឆ្នាំ២០១៦។

រដ្ឋមន្រ្តីការពារជាតិ នៃប្រទេសហ្វីលីពីនលោក Delfin Lorenzana បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានថា «តាំងតែពីបីថ្ងៃមុនមកម្ល៉េះ ដែលយើងលែងឃើញ មានវត្តនាវាល្បាត ឬក៏នាវាជើងទឹក របស់ចិន នៅក្នុងតំបន់ Scarborough Shoal ទៀត ហើយប្រសិនបើនាវាចិនពិតជាបានចាកចេញមែននោះ មានន័យថា អ្នក នេសាទរបស់យើង អាចបន្តធ្វើការនេសាទត្រីនៅ​ក្នុងតំបន់នោះ​បានដូចដើមវិញហើយ»

ការដកខ្លួនចេញរបស់កងនាវាល្បាតចិន បានប្រព្រឹត្តទៅបន្ទាប់ពីប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូធើទេ បានទៅបំពេញទស្សកិច្ចផ្លូវរដ្ឋនៅក្នុងទីក្រុងប៉េកាំង និងបានឆ្លៀតឱកាសស្នើ​ជាដដែលៗទៅកាន់ចិន ឲ្យបញ្ឈប់ការរារាំងរបស់ខ្លួននៅតំបន់ថ្មប៉ប្រះទឹក Scarborough Shoal ដែលសំបូរទៅដោយធនធានត្រីសមុទ្រ ហើយម្យ៉ាងវិញទៀតនោះ វាគឺជាលើកទីមួយ ហើយនៅក្នុងរយៈពេលបួនឆ្នាំ ដែលប្រជានេសាទហ្វីលីពីន អាចប្រកបរបរនេសាទត្រីរបស់ពួកគេ នៅក្នុងតំបន់ដែលមានជម្លោះនេះសារជាថ្មីម្តងទៀត។

គួរបញ្ជាក់ដែរថា ប្រទេសចិន កាលពីឆ្នាំ២០១២ បានក្រសោបយកតំបន់ Scarborough Shoal មកគ្រប់គ្រង ដោយបានដាក់ឈ្មោះថា ប្រជុំកោះ Huangyan ខណៈហ្វីលីពីន កន្លងមកឲ្យឈ្មោះថា Panatag នៅក្នុងដែនសមុទ្រចិនខាងត្បូង ហើយចាប់ពីពេលនោះមក អាជ្ញាធរចិន មិនបានអនុញ្ញាតឲ្យប្រជានេសាទហ្វីលីពីន ណាមួយចូលទៅនេសាទនៅតំបន់ហាមឃាត់នោះឡើយ៕