(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូធើតេ បានឲ្យដឹងថានៅថ្ងៃសុក្រនេះថា លោកបានសន្យា ជាមួយនឹងព្រះជាម្ចាស់ថានឹងសម្អាតខ្លួន ចេញពីពាក្យសម្តីជេរប្រមាថគេ ដូចដែលធ្លាប់ធ្វើកន្លងមក ហើយឈប់ប្រើការនិយាយស្តីមិនគួរគប្បីតទៅទៀតហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅមុននេះបន្តិចនារសៀលថ្ងៃសុក្រ ទី២៨ ខែតុលា ឆ្នាំ២០១៦។

ក្រោយពេលត្រឡប់ពីដំណើរទស្សនកិច្ចនៅប្រទេសជប៉ុន មកកាន់ទីក្រុង Davao ដែលជាស្រុកកំណើត របស់លោកវិញ ប្រធានាធិបតីហ្វីលីពីនរូបនេះបាននិយាយថា ព្រះបានផ្តល់ដំបូន្មានជាចុងក្រោយរបស់ព្រះអង្គ មកឲ្យលោកនៅពេលដែលលោក រ៉ូឌ្រីហ្គោ ឌូធើតេ កំពុងធ្វើដំណើរលើយន្តហោះមកកាន់មាតុប្រទេស ហើយ លោកបានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «ខ្ញុំបានលឺសំឡេងមួយប្រាប់ខ្ញុំឲ្យឈប់ប្រើ ពាក្យសម្តីជេរប្រមាថតិះដៀលទៅលើអ្នកដទៃតទៀតទៅ បើមិនដូច្នោះទេយន្តហោះរបស់ខ្ញុំនឹងធ្លាក់ពីលើ អាកាសភ្លាមៗ ហេតុនេះហើយខ្ញុំក៏បានសន្យាថានឹងឈប់ប្រើពាក្យសម្តីទាំងអស់នឹងទៀតហើយ»

លោកប្រធានាធិបតីហ្វីលីពីនដែលមនុស្សគ្រប់គ្នាបានស្គាល់ ហើយមួយចំនួនបានរិះគន់ថាមានមាត់ដាចរូបនេះ បានឲ្យដឹងទៀតថា លោកនឹងឈប់ប្រើពាក្យជេរបញ្ចោរ ទ្រគោះបោះបោក និងភាសាមិនគួរគប្បីផ្សេងៗទៀត ហើយថែមទាំងបានអះអាងថា វាជាការសន្យាចំពោះព្រះជាម្ចាស់ ក៏ដូចជាការសន្យាចំពោះប្រជាជននៃប្រទេស ហ្វីលីពីនទាំងមូលផងដែរ ប៉ុន្តែលោកបានបញ្ជាក់វិញថា ការសន្យារបស់លោកអាចមានកម្រិតនៅពេល ដែលលោកនិយាយអំពីសហរដ្ឋអាមេរិក ឬសហភាពអឺរ៉ុប ដោយវាអាស្រ័យទៅលើពេលវេលា។

គួរបញ្ជាក់ថាដូចទៅនឹងប្រជាជនហ្វីលីពីនដ៏ទៃៗទៀតដែរ លោក រ៉ូឌ្រីហ្គោ ឌូធើតេ គឺជាអ្នកកាន់សាសនា រ៉ូម៉ាំង-កាតូលិច ហើយការនិយាយស្តីដោយមិនសំចៃមាត់របស់លោក ដែលជាញឹកញាប់បានសំដៅទៅលើ ប្រទេសលោកខាងលិចនោះ បានចូលរួមចំណែកយ៉ាងច្រើនក្នុងការលើកកម្ពស់ប្រជាប្រិយភាពរបស់លោក ទាំងនៅក្នុងប្រទេសក៏ដូចជានៅលើឆាកអន្តរជាតិ។ លោក ឌូធើតេ ធ្លាប់បានហៅប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ាថា «Son of a Whore» និងបានប្រមាថសហភាពអឺរ៉ុបថាជា «ក្រុមមានពុតត្បុតច្រើន» ហើយក៏ធ្លាប់បានជេរតិះដៀលអគ្គលេខាធិការនៃអង្គការសហប្រជាជាតិលោក បាន គីមូន និងសម្តេច Pope ថែមទៀតផង៕