(ប៊ែរឡាំង)៖ ខណៈបណ្ដាប្រទេសមួយចំនួននៅអឺរ៉ុបខាងកើត កំពុងមានកង្វល់ជុំវិញការពង្រីកឥទ្ធិពលរបស់ ទីក្រុងមូស្គូ ក៏ដូចជាបើកដៃឱ្យអង្គការ NATO ដាក់ពង្រាយយោធានៅលើទឹកដីរបស់ខ្លួនដើម្បីទប់ទល់នឹង រុស្ស៊ីនោះ នៅពេលនេះប្រទេសអាល្លឺម៉ង់ ក៏បានចាប់ផ្ដើមលូកដៃចូលក្នុងសំណុំរឿងនេះដែរ ដោយអ្នកនំាពាក្យ ក្រសួងការពារជាតិ អាល្លឺម៉ង់ លោក Thomas Früh បានថ្លែងឱ្យដឹងថារថក្រោះប្រយុទ្ធអាល្លឺម៉ង់ប្រភេទ Leopard 2 អមដោយយោធាអង្គការ NATO ត្រូវបានដាក់ពង្រាយនៅលើទឹកដីប្រទេស លីទុយអានី ដែលស្ថិតនៅក្បែរព្រំដែនរុស្ស៊ីនៃទីក្រុង កាលីនីងហ្គ្រាត (Kaliningrad)។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មានរុស្ស៊ីSputnik នៅថ្ងៃសុក្រ ទី២៨ ខែតុលា ឆ្នាំ២០១៦។

លោក Thomas Früh បានលើកឡើងដូចច្នេះថា «ការសម្រេចចិត្តបញ្ជូនរថក្រោះទៅលីទុយអានី គឺជាការពិត ប៉ុន្តែយើងមិនអាចបញ្ជាក់ពីចំនួនជាក់លាក់នោះទេ គ្រាន់តែយើងអាចនិយាយបានថា ការបញ្ជូនសព្វាវុធនេះ មានគោលបំណងពង្រឹងសមត្ថភាពរបស់កងកម្លំាង NATO នៅលីទុយអានីក្នុងប្រកបខណ្ឌនៃការធ្វើ សមយុទ្ធយោធាតែប៉ុណ្ណោះ»។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយបើតាម Sputnik ព្រមពេលជាមួយនឹងការ បញ្ជូនសព្វាវុធនោះ ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ជាច្រើនបានរាយការណ៍ថា ៨៤%នៃប្រជាជនអាល្លឺម៉ង់ចង់ឱ្យ រដ្ឋាភិបាលលោកស្រីអធិការបតី អេនជែឡា ម៉ាគែល បន្តធ្វើកិច្ចសន្ទនាជាមួយនឹងរុស្ស៊ីដោយសន្តិវិធី។

គួរបញ្ជាក់ថាក្នុងពេលបច្ចុប្បន្នទំាងរុស្ស៊ី និងទំាងអង្គការ NATO សុទ្ធតែកំពុងតម្លើងសាច់ដុំដាក់គ្នាតាមរយៈ ការដាក់ពង្រាយយោធានៅតាមតំបន់អឺរ៉ុប ចាប់តំាងពីមានជម្លោះនៅភាគខាងកើតអ៊ុយក្រែន និងជាពិសេស នោះគឺការក្រសោបយកតំបន់ឧបទ្វីបគ្រីមាពីសំណាក់ទីក្រុងមូស្គូ ដែលនេះបានបង្កជាក្ដីកង្វល់ឥតគណនាដល់ បណ្ដាប្រទេសក្បែរខាងរុស្ស៊ី រហូតដល់ពួកគេអនុញ្ញាតឱ្យ NATO ដាក់យោធានៅលើទឹកដីរបស់ខ្លួន៕