(អាមេរិក)៖ ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីល្បាញ «Microsoft» និងជាកំពូលមហាសេដ្ឋីអាមេរិកលោក Bill Gates បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ជំនួសឲ្យការផ្ទេរមរតកដ៏ច្រើនលើសលុបទៅឲ្យកូនៗ រូបលោក និងភរិយាបានសម្រេចចិត្តបរិច្ចាគទ្រព្យសម្បត្តិ របស់គ្រួសារទាំងមូលដែលមានតម្លៃ ៧០ពាន់លានផោន ឬស្មើនឹង៨៥ពាន់លានដុល្លារអាមេរិក ទៅកាន់មូលនិធិសម្រាប់ជួយជនក្រីក្រ។ នេះបើតាម ការចេញផ្សាយដោយគេហទំព័រ Daily Mail នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០១៦។

ថ្លែងនៅក្នុងកិច្ចសម្ភាសន៍មួយស្តីពីជិវិតឯកជនរបស់លោក មហាសេដ្ឋីអាមេរិករូបនេះបាននិយាយថា កូនៗទាំងបីនាក់របស់លោកបានយល់ដឹងច្បាស់ថាហេតុអ្វី បានជារូបលោកសុខចិត្តបន្សល់ទុកទ្រព្យសម្បត្តិ ដ៏ច្រើនមហាសាលនេះទៅឲ្យមូលនិធិសម្រាប់ជួយជនក្រីក្រ នៅពេលដែលលោកទទួលមរណភាពទៅ ហើយពួកគេមិនបានអាក់អន់ស្រពន់ចិត្តអ្វីនោះឡើយ ប៉ុន្តែពួកគេពោរពេញទៅដោយមោទនភាពទៅវិញចំពោះ ការសម្រេចចិត្តរបស់លោកឪពុក ដែលបានលះបង់ទ្រព្យសម្បត្តិគ្រួសារដើម្បីជួយដល់ជនទីទាល់ក្របំផុត នៅលើពិភពលោក។

ដោយឡែកលោក Bill Gates បានលើកឡើងថា ជំនួសឲ្យការផ្ទេរមរតករាប់សិបពាន់លានដុល្លារ កូនស្រីពីរនាក់ និងកូនប្រុសម្នាក់របស់លោក នឹងទទួលបានការអប់ដ៏ល្អបំផុតដើម្បីជួយពួកគេក្នុងការចាប់ផ្តើម មុខរបរចិញ្ចឹមជីវិតរៀងៗខ្លួន ដោយលោកបានបញ្ជាក់ថា «កូនៗរបស់ពួកយើងនឹងទទួលបានការអប់រំ ដ៏ល្អប្រសើររួមជាមួយនិងថវិកាខ្លះៗ ដើម្បីធានាថាពួកគេនឹងមិនស្ថិតនៅក្នុងភាពក្រលំបាកនោះឡើយ ប៉ុន្តែពួកគេនឹងចាកចេញពីបន្ទុកគ្រួសារហើយមានការងាររៀងៗខ្លួន»។ លោក Gates បានបន្តថា «វាមិនមែនជារឿងល្អសម្រាប់ក្មេងៗនោះឡើយ ដែលឲ្យពួកគេគ្រប់គ្រងទ្រព្យសម្បត្តិដ៏ច្រើននោះ ព្រោះវាអាចនឹងធ្វើឲ្យពួកគេដើរផ្លូវខុសបាន»

គួរបញ្ជាក់ថាលោក Bill Gates វ័យ៦០ឆ្នាំនិងភរិយា Melinda វ័យ៥២ឆ្នាំ មានកូនៗចំនួនបីនាក់ គឺ Jennifer អាយុ២០ឆ្នាំ, Rory អាយុ១៧ឆ្នាំ, និង Phoebe អាយុ១៤ឆ្នាំ ហើយពួកគេទាំងបីនឹងទទួលបានកេរ្តិ៍មរតក តែមួយផ្នែកតូចប៉ុណ្ណោះដោយទ្រព្យសម្បត្តិមហាសាល ដែលនៅសេសសល់ទាំងប៉ុន្មាន នឹងត្រូវបរិច្ចាគ ទៅក្នុងមូលនិធិសម្រាប់ជួយជនក្រីក្រ «Bill And Melinda Gates Foundation» ដែលតែងផ្តល់ជំនួយ ដល់គំរោងសុខាភិបាល និងការអប់រំនានានៅជុំវិញពិភពលោក៕