(ឥណ្ឌូណេស៊ី)៖ តំបន់អាស៊ីអាគ្នេយ៍អាចនឹងក្លាយជាមូលដ្ឋានរបស់ក្រុម ISIS នៅពេលអនាគតនៅក្នុងករណី ពួកគេបាត់បង់មូលដ្ឋាននៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់។ នេះបើតាមរបាយការណ៍របស់ Institute of Policy Analysis of Conflict ឬហៅកាត់ថា IPAC​ ដែលចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០១៦។

យោងតាមរបាយការណ៍មានចំណងជើងថា ​IPAC Report ៣៣ នៃវិទ្យាស្ថាន IPAC មានមូលដ្ឋាននៅក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី ហ្វីលីពីន និងតំបន់ក្បែរខាងជាច្រើន អាចនឹងប្រឈមមុខ​នឹងការបង្កើត នឹងគោលដីថ្មីរបស់ ISIS​ ត្បិតគេធ្លាប់បានដឹងហើយ​ថា តំបន់ភាគខាងត្បូងហ្វីលីពីនគឺជាជម្រករបស់ពួក ឧទ្ទាម Abou Sayyaf ដែលបានស្បថដើរតាមមាគ៌ាពួក ISIS កាលពីឆ្នាំ២០១៤ ដូច្នេះចង់ ឬមិនចង់វាបាន ក្លាយជាមូលដ្ឋានអ្នកគំាទ្រ​ ISIS នៅក្នុងប្រទេសហ្វីលីពីន​រួចស្រេចទៅហើយ។

ជាងនេះទៅទៀតក្រុមភេរវករ នៅភាគខាងត្បូងហ្វីលីពីន បានផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និតជាមួយនឹង ពួកភេរវករនៅម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ឬនៅភាគខាងត្បូង ប្រទេសថៃ ក្នុងបរិបទដែលពួក ISIS នៅស៊ីរី និងអ៊ីរ៉ាក់កំពុងបាត់បង់មូលដ្ឋានជាបន្តបន្ទាប់។
បន្ថែមពីនេះភេរវករនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ពិបាកចូលទៅ កាន់តំបន់មជ្ឈិមបូព៌ាដោយសារ ប្រតិបត្តិការប្រយុទ្ធប្រឆំាងនឹងភេរវកម្ម​ មានសភាពខ្លាំងក្លា​ដូច្នេះពួកគេ អាចនឹងស្វែងរកការបង្កើតមូលដ្ឋានថ្មីមួយនៅក្នុងតំបន់តែម្ដង។

គួរបញ្ជាក់ថា បើតាមរបាយការណ៍ខាងលើដដែល ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី អាចនឹងប្រឈមុខខ្លំាងជាងគេ ចំពោះការគំរាមកំហែងពីសំណាក់ពួកភេរវករ នៅតំបន់អាស៊ីអាគ្នេយ៍៕