(អាហ្វ្រិក)៖ ហ្គាំប៊ីដែលជាប្រទេសដ៏តូចមួយនៅក្នុងតំបន់អាហ្រ្វិកខាងលិច ជាមួយប្រជាជនប្រមាណជា ២លាននាក់ បានសម្រេចចិត្តដូចគ្នាទៅនឹងប្រទេសប៊ូរុនឌី និងអាហ្រ្វិកខាងត្បូងថានឹង ដកសមាជិកភាព របស់ខ្លួនចេញពីតុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដោយចោទប្រកាន់តុលាការអន្តរជាតិមួយនេះ មានភាពលម្អៀង និងបានធ្វើទុក្ខបុកម្នេញ តែទៅលើបណ្ដាប្រទេសនៅអាហ្វ្រិក។ នេះបើយោងតាមប្រកាស របស់រដ្ឋមន្រ្តីព័ត៌មានហ្គាំប៊ី លោក Sheriff Bojang ដែលចុះផ្សាយដោយសារព័ត៌មាន RT នៅល្ងាចថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០១៦។

លោក Sheriff Bojang នៅក្នុងសេចក្ដីថ្លែងការណ៍តាមកញ្ចក់ទូរទស្សន៍ជាតិ បានលើកឡើងដូច្នេះថា «ចាប់ពី ថ្ងៃទី២៤ ខែតុលានេះតទៅ យើងលែងជាសមាជិករបស់ ICC​​ ទៀតហើយព្រោះថា យើងនឹងដំណើរការ នីតិវិធីដកសមាជិកភាពចេញពីតុលាការមួយនេះ។ ត្បិតយើងមើលឃើញថា ICC បានធ្វើទុក្ខបុកម្នេញតែទៅ លើបណ្ដាប្រទេសអាហ្វ្រិក ជាពិសេសគឺមេដឹកនាំរបស់ពួកគេ ខណៈប្រទេសលោកខាងលិចយ៉ាងហោចណាស់ ៣០ប្រទេសបានប្រព្រឹត្តបទឧក្រិដ្ឋកម្មសង្រ្គាម តំាងតែពីតុលាការនេះបង្កើតឡើង ប៉ុន្តែពួកគេមិនត្រូវបាន ICC កោះហៅមកធ្វើការកាត់ក្តីម្ដងណាឡើយ»

បន្ថែមពីលើនេះ លោក Sheriff Bojang បានបញ្ជាក់ថាហ្គាំប៊ីនឹងព្យាយាមបញ្ចុះបញ្ចូលឱ្យ ICC ធ្វើការប្ដឹង ប្រឆាំងនឹងបណ្ដាប្រទេសនៃសហភាពអឺរ៉ុប ជុំវិញការស្លាប់របស់ជនភៀសខ្លួន អាហ្រ្វិករាប់ពាន់នាក់នៅ សមុទ្រមេឌីទែរ៉ាណេ។ ដោយឡែកទាក់ទិននឹងបញ្ហានេះដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន និងប្រទេសជាសមាជិកតុលាការឧក្រិដ្ឋកម្មអន្តរជាតិ បានជម្រុញឱ្យប្រទេស ប៊ូរុនឌី អាហ្រ្វិកខាងត្បូង និង បណ្ដាប្រទេសដទៃដែលបានរិះគន់ ឬមិនពេញចិត្តលើការប្រព្រឹត្តិទៅនៃ ICC  កុំដកសមាជិកភាពរបស់ខ្លួន ដើម្បីបើកផ្លូវដោះស្រាយ ការខ្វែងគំនិតគ្នាតាមរយៈកិច្ចសន្ទនា។  

គួរបញ្ជាក់ថារដ្ឋាភិបាលហ្គាំប៊ីបច្ចុប្បន្ន ត្រូវបានក្រុមអង្គការក្រៅរដ្ឋាភិបាល និងសហរដ្ឋអាមេរិក ចោទប្រកាន់ ថាបានគាប់សង្កត់ និងរំលោភយ៉ាងធ្ងន់ធ្ងរ លើក្រុមអ្នកការពារសិទ្ធិមនុស្ស ហើយថែមទាំងបាននាំយករឿងក្តី នេះទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ឲ្យធ្វើការដោះស្រាយថែមទៀតផង៕