(កាប៊ុល)៖ មន្ត្រីរដ្ឋបាលថ្នាក់ខេត្តរបស់អាហ្វហ្គានីស្ថាន បានឲ្យដឹងនៅថ្ងៃពុធនេះថាជនស៊ីវិល យ៉ាងហោចណាស់ចំនួន ៣៦នាក់ត្រូវបានបាញ់សម្លាប់ដោយពួកក្រុមសកម្មប្រយុទ្ធនៅក្នុងខេត្ត Ghor ភាគខាងលិចនៃប្រទេសអាហ្វហ្គានីស្ថាននៅយប់ថ្ងៃអង្គារ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០១៦។

លោក Mohammad Nasir Khazah អភិបាលខេត្ត Ghor បានថ្លែងថា «ជនរងគ្រោះទាំង៣៦នាក់ ត្រូវបានចាប់ជំរិតដោយពួកសកម្មប្រយុទ្ធ បន្ទាប់ពីកងកម្លាំងសន្តិសុខនៃប្រទេសអាហ្វហ្គានីស្ថានរួមដៃគ្នា ជាមួយអ្នកតស៊ូប្រយុទ្ធដទៃទៀតនៅក្នុងតំបន់ បានវាយរុញច្រានពួកសកម្មជនដែលបានបើកការវាយលុក មកលើជាយក្រុង Firoz Koah ហើយការប៉ះទង្គិចគ្នានេះបានបន្សល់ទុកពួកសកម្មប្រយុទ្ធមួយចំនួនតូច ស្លាប់និងរបួស ប៉ុន្តែអ្នកដែលនៅរស់ចង់សងសឹកការបរាជ័យរបស់ពួកគេ ដោយបានបាញ់សម្លាប់ចំណាប់ខ្មាំង ដែលជាជនស៊ីវិលចោលទាំងអស់»។

ជាមួយគ្នានេះដែរមកទល់រសៀលថ្ងៃពុធនេះ ពុំទាន់មានក្រុមណាមួយបានចេញមុខអះអាងថា នៅពីក្រោយការបាញ់សម្លាប់នេះនៅឡើយទេ ប៉ុន្តែអាជ្ញាធរនៅក្នុងក្រុង Firoz Koah បានចោទពួកក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ISIS ថាជាអ្នកធ្វើរឿងដ៏ឃោឃៅនេះ។ គួរបញ្ជាក់ដែរថា គិតត្រឹម០៩ខែដំបូងនៃឆ្នាំ២០១៦នេះ ប្រជាជនស៊ីវិលច្រើនជាង២,៥៦០នាក់ ត្រូវបានសម្លាប់ និង៥,៨៣០នាក់បានទទួលរងបួស ដោយសារតែជម្លោះនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន៕