(តូក្យូ)៖ ប្រធានាធិបតីហ្វីលីពីន លោក​ រ៉ូឌ្រីហ្គោ ឌូធើតេ ​បានផ្ដល់ការធានាមួយដល់ជប៉ុនថាការបំពេញ ដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ដែលជាគូរប្រជែងរបស់ទីក្រុងតូក្យូ កាលពីសប្ដាហ៍មុនគឺផ្ដោតសំខាន់ តែទៅលើចំណងទាក់ទងផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះ។ ប៉ុន្តែព្រមពេលជាមួយគ្នា លោក ឌូធើតេ នៅតែបញ្ជាក់ជាថ្មី ថាសម្ព័ន្ធភាពយូរអង្វែងជាមួយសហរដ្ឋអាមេរិក នឹងត្រូវពនិត្យឡើងវិញ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០១៦។​

ថ្លែងប្រាប់អ្នកជំនួញជប៉ុន លោក ឌូធើតេ បាននិយាយថា «អ្នកទំាងអស់គ្នាពិតជាដឹងថា​ខ្ញុំបានទៅទស្សនកិច្ច នៅចិន។ ខ្ញុំចង់ប្រាប់អ្នកថា នៅទីនោះខ្ញុំនិយាយតែពីរឿងសេដ្ឋកិច្ច តែមិនបាននិយាយពីរឿងអាវុធនោះទេ ហើយយើងថែមទំាងបានជៀសវាងការជជែកគ្នាលើការចងសម្ព័ន្ធភាពទៀតផង។​ បន្ថែមពីលើនេះខ្ញុំចង់ប្រាប់ អ្នករាល់គ្នាឱ្យច្បាស់ ថាយើងនឹងមិនជ្រើសរើសរវាងមិត្ត និងអ្នកជិតខាងរបស់យើងឡើយ ប៉ុន្តែសម្រាប់ខ្ញុំ វាជាពេលវេលាដ៏សំខាន់ ដែលប្រធានាធិបតីត្រូវក្រោកឈរក្នុង​នាមសេចក្ដីថ្លៃថ្នូរ​នៃប្រជាជនរបស់ខ្លួន»

គួរបញ្ជាក់ថាការបំពេញដំណើរទស្សនកិច្ចរបស់ លោក ឌូធើតេ មកកាន់ប្រទេសជប៉ុនធ្វើឡើងនៅចំពេល ដែលទំនាក់ទំនងរវាងហ្វីលីពីន និងសហរដ្ឋអាមេរិក កំពុងមានភាពតានតឹង​នឹងគ្នាខណៈ​លោកបានបោះ ជំហានទៅចិន ប៉ុន្តែក្នុងឱកាសស្ថិតនៅទីក្រុងតូក្យូ លោក ឌូធតតេ បែរជាបន្ទន់ឥរិយាបទដោយអះអាងថា លោកនឹងមិនផ្ដាច់សម្ព័ន្ធភាពពីសហរដ្ឋអាមេរិកឡើយ៕