(បាងកក)៖ ទោះបីជាកំពុងមមាញឹកខ្លាំងក្នុងការរក្សាសន្តិសុខ និងរៀបចំពិធីកាន់ទុក្ខព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត ដែលបានសោយទិវង្គតកាលពីថ្ងៃទី១៣ ខែតុលា នោះក៏ដោយក៏លោក ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្ត្រីថៃនៅតែបានបង្ហាញជំហរគាំទ្រជានិច្ចចំពោះសេចក្តីសម្រេចរបស់ រដ្ឋាភិបាលយោធាក្នុងការទាមទារឲ្យអតីតនាយករដ្ឋមន្ត្រី លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ធ្វើការបង់ប្រាក់ ចំនួន៣៥.៧ពាន់លានបាត ស្មើនឹងជាង១ពាន់លានដុល្លារអាមេរិក ជាថ្លៃសំណងលើកម្មវិធីទិញស្រូវពី ប្រជាកសិករដែលបានទទួលបរាជ័យ កាលពីជំនាន់លោកស្រីធ្វើជានាយករដ្ឋមន្ត្រី។

សារព័ត៌មានថៃបាងកកប៉ុស្តិ៍ ចេញផ្សាយនៅមុននេះបន្តិចនារសៀលថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០១៦ ដូច្នេះថាការថ្លែងរបស់លោក ប្រាយុទ្ធ ខាងលើនេះបានកើតឡើងក្រោយពីលោកបាន ធ្វើការពិភាក្សាជាមួយ នឹងទីប្រឹក្សាច្បាប់មួយចំនួន ដើម្បីឲ្យប្រាកដច្បាស់ថា សេចក្តីសម្រេចរបស់រដ្ឋាភិបាលគឺមិនបានបំពានទៅនឹង ស្មារតីនៃច្បាប់របស់ប្រទេសជាតិនោះឡើយ។

លោក ប្រាយុទ្ធ បានសង្កត់ធ្ងន់ដូច្នេះថា «នេះគឺជាអ្វីដែលត្រូវតែសម្រេចឲ្យបាន។ មន្ត្រីច្បាប់បានបញ្ជាក់ ច្បាស់លាស់ហើយថា នេះមិនមែនជាការរំលោភបំពានច្បាប់ ឬស្មារតីនៃច្បាប់នោះទេ។ ប្រសិនបើនរណាម្នាក់ ចង់ឲ្យមានការពន្យល់ សូមទៅធ្វើការបកស្រាយចំពោះមុខតុលាការចុះ ដោយមិនចាំបាច់ធ្វើការបកស្រាយ តាមសារព័ត៌មាននោះឡើយ។ ខ្ញុំនឹងមិនឆ្លើយឆ្លងអ្វីចំពោះបញ្ហានេះបន្ថែមទៀតឡើយ»

គួរបញ្ជាក់ថាកាលពីសប្តាហ៍មុននេះ បន្ទាប់ពីលោកស្រី យីងឡាក់ បានចូលគោរពវិញ្ញាណក្ខន្ធព្រះមហាក្សត្រ ដែលបានសោយទិវង្គតនោះ លោកស្រីក៏បានទទួលព័ត៌មានដ៏គួរឲ្យរន្ធត់មួយនោះគឺ នឹងមានការរឹបអូស ទ្រព្យសម្បត្តិលោកស្រីទាំងអស់ ថែមទាំងការពិន័យឲ្យបង់ប្រាក់ ៣៥.៧ពាន់លានបាតសម្រាប់ ភាពទទួលខុសត្រូវលើកម្មវិធីទិញស្រូវដែលបានទទួលបរាជ័យ ហើយលោកស្រីកន្លងមកក៏បានទទួលរងពាក្យ បណ្តឹងចំពោះភាពមិនទទួលខុសត្រូវ ក្នុងនាមជានាយករដ្ឋមន្ត្រីផងដែរ៕