(ម៉ានីល)៖ អតីតក្រុមស្ត្រីបម្រើការសប្បាយដល់កងទ័ពជប៉ុន នៅអំឡុងសង្រ្គាមលោកលើកទី២ បានជម្រុញ ឱ្យប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូធើតេ លើកឡើងពីស្ថានភាពក៏ដូចជា បញ្ហារបស់ពួកគេនៅក្នុង​ជំនួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ នៅថ្ងៃពុធស្អែកនេះ។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅយប់ថ្ងៃអង្គារ ទី២៥ ខែតុលា ឆ្នាំ២០១៦។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន លោកស្រី Rechilda Extremadura នាយកប្រតិបត្តិអង្គការ Lila Pilipina ជាអង្គការអតីតស្ត្រី ដែលត្រូវកងទ័ពជប៉ុនបង្ខំឱ្យធ្វើជាទាសករផ្លូវភេទ នៅអំឡុង​សង្រ្គាម​​លោកលើកទី២ បានសម្ដែងការសោកស្ដាយ​ដោយលើកឡើងដូច្នេះថា «ថ្នាក់ដឹកនាំរបស់យើងមុនៗ បានធ្វើឱ្យពួកយើងបរាជ័យ ព្រោះថាពួកគេខា្លចប៉ះ​ពាល់ដល់ទំនាក់ទំនង​ការទូតជា​មួយជប៉ុន ក៏ប៉ុន្តែនៅពេលនេះ យើងជឿជាក់ និងសង្ឃឹមថា លោកប្រធានាធិបតី ឌូធើតេ នឹងយកបញ្ហា ឬស្ថានភាពរបស់ពួកយើង ជារបៀវារៈនៅក្នុងជំនួប​ជាមួយលោក ស៊ីនហ្សូ អាបេ ហើយយើងនឹងនៅ​តែបន្ត​ស្វែងរកការទទួលស្គាល់ប្រវត្តិសាស្ត្រនៃ​ស្រី្តដែលត្រូវ បានកងទ័ពជប៉ុនបង្ខំឱ្យធ្វើជាទាសករផ្លូវភេទ»

សូមជំរាបថា បើតាមអ្នកប្រវត្តិសាស្ត្រ មានស្ត្រីប្រមាណជា ២០០,០០០នាក់ ភាគជាច្រើនជាមកពីកូរ៉េខាងត្បូង ចិន និងហ្វីលីពីន ត្រូវបានកងទ័ពជប៉ុនបង្ខំ​ឱ្យធ្វើជាទាសករផ្លូវភេទ​នៅអំឡុងសង្រ្គាម​លោកលើកទី២៕